ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ កំពុងគិតគូស្វែងរកលុយ ដើម្បីចំណាយលើបណ្តាញ ផ្កាយរណប Starlink ដែលជាខ្សែជីវិតសម្រាប់អ៊ុយក្រែន

បរទេស ៖ យោងតាមសារព័ត៌មាន Politico ដែលបានលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិក ពីររូបដែលចូលរួម ក្នុងកិច្ចពិភាក្សាគឺថា មន្ទីរបញ្ចកោណ កំពុងគិតគូអំពីការប្រើប្រាស់ មូលនិធិ ដែលពីមុនត្រូវបានប្រើប្រាស់ ដើម្បីផ្តល់អាវុធ និងឧបករណ៍ក្នុងរយៈពេលវែង ដើម្បីចំណាយសម្រាប់ បណ្តាញផ្កាយរណប Starlink ដែលជាខ្សែជីវិតសម្រាប់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីរដ្ឋាភិបាល និងអ្នកធុរកិច្ចមួយចំនួន បាននិយាយថា គំនិតផ្តួចផ្តើម ក្នុងការផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីទិញសព្វាវុធ និងសេវាកម្មជាច្រើន សម្រាប់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមអ៊ុយក្រែន គឺជាប្រភពមូលនិធិដែលទំនងបំផុត ។

លោកវរសេនីយ៍ Garron Garn អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា “យើងមិនមានអ្វីត្រូវប្រកាសនៅថ្ងៃនេះទេ ហើយខ្ញុំនឹងមិនប៉ាន់ស្មានលើកញ្ចប់ ជំនួយសុវត្ថិភាព នាពេលអនាគតទេ”។

ផ្ទាំងពាណិជ្ជកម្ម

ការពិភាក្សានេះធ្វើឡើង បន្ទាប់ពីរបាយការណ៍របស់ CNN កាលពីថ្ងៃទី ១៤ ខែតុលា ដែលថា ក្រុមហ៊ុន SpaceX បានដាស់តឿនមន្ទីរបញ្ចកោណ ក្នុងខែកញ្ញាថា ខ្លួននឹងលែងមានលទ្ធភាព ក្នុងការផ្តល់ស្ថានីយផ្កាយរណប និងសេវាកម្មទំនាក់ទំនង ដែលមានតម្លៃជាង ៨០ លានដុល្លាររួចហើយ ហើយអាចចំណាយ អស់រាប់រយលានទៀត ឆ្នាំក្រោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top