ល្ងាចថ្ងៃទី ២៥ ខែតុលា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បានបើកកិច្ច ប្រជុំពិភាក្សាលើកទី ១ ស្តីពីការសិក្សា និងអនុវត្តស្មារតីសមាជបក្ស លើកទី២០ ។
លោក Xi Jinping អគ្គលេខាធិការមជ្ឈិម បក្សបានគូសបញ្ជាក់ នៅពេលអញ្ជើញ ជាអធិបតីនៃកិច្ចប្រជុំនេះថា សមាជបក្សលើកទី ២០ ទទួលបានសមិទ្ធផលសំខាន់ៗ មួយចំនួនទាំងនយោបាយ ទ្រឹស្តី និងការប្រព្រឹត្តិជាក់ស្តែង បានកំណត់គោលដៅ និងយុទ្ធសាស្ត្រ នៃការអភិវឌ្ឍ បុព្វការបក្ស និងរដ្ឋក្នុងដំណើរការថ្មី ជាប្រកាសនយោបាយ និងគោលការណ៍សកម្មភាពនៃបក្ស ដើម្បីដឹកនាំប្រជាជន កសាងប្រទេសសង្គម និយមទំនើប និងការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ។ បក្សទាំងមូលត្រូវអនុវត្ត គោលដៅជាភារកិច្ច ដែលសមាជបក្សលើក ទី២០ បានលើកឡើង ខិតខំតស៊ូ ដើម្បីទទួលបានជោគជ័យថ្មី នៃការកសាងប្រទេសសង្គម និយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ពេលអញ្ជើញធ្វើសេចក្តីរាយការណ៍ ការងារបក្សក្នុងសមាជបក្ស លើកទី២០ លោក Xi Jinping បានលើកឡើងវិធានការ មួយចំនួនអំពីការធ្វើទំនើបកម្ម តាមបែបផែនចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ ក្នុង ចំណោមនោះ នៅវិស័យអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ លោកបានលើកឡើងថា ទី១ បង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គម និយមកម្រិតខ្ពស់ ។ ទី២ កសាងប្រព័ន្ធ ឧស្សាហកម្មទំនើប ។ ទី៣ជំរុញនយោបាយអភិវឌ្ឍជនបទ ដោយគ្រប់ជ្រុងជ្រោយ ។ ទី៤ ជំរុញការអភិវឌ្ឍដោយសមរម្យ ក្នុងតំបន់ ។ ទី៥ ជំរុញការបើកទូលាយកម្រិតខ្ពស់ ៕