ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយចំនួន ៨០លានអឺរ៉ូ (៧៩,៧លានដុល្លារអាមេរិក) ដល់អាល់បានី ដើម្បីដោះស្រាយវិបត្តិថាមពល។
យោងតាមលោកស្រី Von der Leyen កញ្ចប់ជំនួយថាមពលនឹង ជាផ្នែកមួយនៃកញ្ចប់ជំនួយចំនួន ៥០០លានអឺរ៉ូ ដែលសហភាពអឺរ៉ុបនឹងផ្តល់ឱ្យ បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច ដើម្បីជួយជំនះវិបត្តិថាមពល ហើយក៏ជាការវិនិយោគ លើការតភ្ជាប់ថាមពល ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញផងដែរ ។
ប្រធានគណៈកម្មាការសហភាពអឺរ៉ុប ក្នុងអំឡុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយនាយករដ្ឋមន្ត្រីអាល់បានី Edi Rama បានគូសបញ្ជាក់ថា កញ្ចប់ភ្លាមៗនឹងគាំទ្រដល់គ្រួសារ និងអាជីវកម្មខ្នាតតូចរបស់ អាល់បានីក្នុងគ្រាលំបាកនេះ ហើយថែមទាំងជួយប្រទេស ក្នុងការដោះស្រាយផលប៉ះពាល់ នៃតម្លៃថាមពលខ្ពស់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ រួមគ្នាជាមួយលោក Rama និងលោកស្រី Von der Leyen បានទៅទស្សនាកន្លែងធ្វើការ សម្រាប់ការសាងសង់ខ្សែរថភ្លើង ដែលនឹងតភ្ជាប់ទីក្រុង Tirana ជាមួយទីក្រុងកំពង់ផែ Durres និងអាកាសយានដ្ឋានអន្តរជាតិ Tirana ដែលជាគម្រោងដែល ផ្តល់ហិរញ្ញប្បទានដោយអឺរ៉ុប និងធនាគារសម្រាប់ការកសាង និងអភិវឌ្ឍន៍ឡើងវិញ ហើយដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤។
អាល់បានី គឺជាចំណតទីពីរ សម្រាប់លោកស្រី Von der Leyen ក្នុងដំណើរទេសចរណ៍នៅតំបន់ បាល់កង់ខាងលិចរបស់លោកស្រី បន្ទាប់ពីដំណើរទស្សនកិច្ច របស់នាងទៅកាន់ North Macedonia កាលពីថ្ងៃពុធ ហើយលោកស្រីក៏គ្រោងនឹង ធ្វើដំណើរទៅកាន់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ស៊ែប៊ី និងម៉ុងតេណេហ្គ្រោផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា