ព័ត៌មានអន្តរជាតិ

ក្រុមអធិការយូអិន ធ្វើទស្សនកិច្ចទៅកាន់ ទីតាំងនុយក្លេអ៊ែរ របស់អ៊ុយក្រែន

បរទេស៖ យោងតាមការប្រកាស ដោយទីភ្នាក់ងារគ្រប់គ្រង ថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាក្រុមការងារអធិការរបស់ខ្លួន បានចាប់ផ្តើមបំពេញការងារហើយ នៅទីតាំងនុយក្លេអ៊ែរ ចំនួន២របស់ប្រទេសអ៊ុយក្រែន។

កិច្ចការងារនេះត្រូវបានរៀបចំឡើង នៅក្រោយពេលដែលរុស្សី បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងគៀវ បានប្រើប្រាស់ទីតាំងទាំងនេះ ក្នុងការផលិតគ្រាប់បែក Dirty Bomb ដែលវានឹងក្លាយជាអាវុធ សម្រាប់ប្រឆាំងទៅនឹងប្រទេសរុស្សី ហើយវាក៏នឹងអាចទាញយកកងកម្លាំងណាតូ ឲ្យធ្លាក់ចូលនៅក្នុងជម្លោះផងដែរ។

គួរឲ្យដឹងដែរថាក្រុមការងារអធិការ នឹងធ្វើការបញ្ចប់ការត្រួតពិនិត្យយ៉ាងឆាប់រហ័សបំផុត ខណៈដែលប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi នឹងក៏បង្ហាញវត្តមាន ដើម្បីធ្វើការសន្និដ្ឋានរួម នៅក្នុងសប្តាហ៍នេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top