ព័ត៌មានអន្តរជាតិ

អឺរ៉ុប ប្រឈមមុខនឹងវិបត្តិថាមពល ក្នុងរដូវរងារ បញ្ហាប្រឈមអាចអូសបន្លាយ រាប់ឆ្នាំ

រ៉ូម៖ នៅពេលដែលរដូវរងា ខិតជិតមកដល់ បណ្តាប្រទេសនៅអឺរ៉ុប បាននឹងកំពុងចាត់វិធានការ ដើម្បីបន្ទន់ការវាយប្រហារ ពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ មិនគ្រប់គ្រាន់របស់រុស្ស៊ី ទៅកាន់ទ្វីបនេះ។ អ្នក​វិភាគ​ថា ការ​ធ្លាក់​ចុះ​ថាមពល​នៅ​ឆ្នាំ​នេះ​អាច​នឹង​ មាន​ផល​ប៉ះ​ពាល់​រយៈ​ពេល​រាប់​ឆ្នាំ។

នៅពេលដែល ការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម ធ្លាក់ចុះកាលពីដើមឆ្នាំនេះ បណ្តាប្រទេសនៅអឺរ៉ុប បានកំណត់គោលដៅ នៃការបំពេញកន្លែងស្តុកឧស្ម័នធម្មជាតិ ឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយនៃសមត្ថភាព ត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ដែលជាការចាប់ផ្តើមប្រពៃណីនៃខែរដូវរងារ។

ទិន្នន័យចុងក្រោយបង្ហាញថា ប្រទេសនានាបានលើសកម្រិតនោះ ដោយបានឡើងដល់ ៩០ ភាគរយនៅដើមខែតុលា ហើយបន្ថែមទៅនោះចាប់តាំងពីពេលនោះមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អ្នកវិភាគបានឲ្យដឹងថា ការកាត់បន្ថយការប្រើប្រាស់ ឧស្ម័នធម្មជាតិ ដោយសារតែការរួមបញ្ចូលគ្នា នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងអាកាសធាតុក្តៅ ខុសពីធម្មតា ក្នុងសប្តាហ៍ដែលឈានទៅដល់ ថ្ងៃផុតកំណត់នៅថ្ងៃទី០១ ខែវិច្ឆិកា បានជួយបន្ថែមដល់កម្រិតស្ដុក។

លោក Massimo Nicolazzi ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កម្មវិធី សន្តិសុខថាមពល ជាមួយវិទ្យាស្ថានអ៊ីតាលី សម្រាប់ការសិក្សានយោបាយអន្តរជាតិ (ISPI) បានកត់សម្គាល់ថា ការប្រើប្រាស់ឧស្ម័ន នៅអឺរ៉ុបគឺទាបជាង ២៥ ភាគរយនៅក្នុងខែតុលា បើធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។

ប៉ុន្តែខណៈពេលដែល កម្រិតស្ដុកខ្ពស់ អាចជួយជៀសវាង ការដាច់ចរន្តអគ្គិសនី និងការបែងចែកដូចដែលមនុស្សមួយចំនួន បានភ័យខ្លាចនោះ នោះមិនមានន័យថា ឧបសគ្គដ៏ធំបំផុត ត្រូវបានយកឈ្នះនោះទេ។

អតិផរណានៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូ ដែលមានសមាជិកចំនួន ១៩ ត្រូវបានគេរំពឹងថានឹងកើនឡើង ដល់កម្រិតខ្ពស់បំផុត ១០,៧ ភាគរយនៅក្នុងខែតុលា ដែលជាតួលេខមួយដែលត្រូវបានជំរុញ ដោយតម្លៃថាមពល កាន់តែខ្ពស់ នេះបើយោងតាមការប៉ាន់ប្រមាណ ពីគេហទំព័រ Eurostat៕

ប្រែសម្រួល ឈូក បូរ៉ា

To Top