ព័ត៌មានអន្តរជាតិ

លោក អាបាស ជំរុញឲ្យអាមេរិក បង្ខំអ៊ីស្រាអែល ឲ្យបញ្ឈប់ការបំពានប្រឆាំងនឹង ប៉ាឡេស្ទីន

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស បានអំពាវនាវឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក បង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ការបំពានរបស់ខ្លួន ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន។

លោក អាបាស បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានផ្លូវការមួយ។

ក្នុងអំឡុងពេលសន្ទនា របស់អ្នកទាំងពីរ លោក អាបាស បានប្រាប់លោក Blinken សង្ខេបអំពី “ការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងទីក្រុង ភូមិ និងជំរំ រួមទាំងការឡោមព័ទ្ធ ការសម្លាប់ ការរុះរើផ្ទះ និងការពង្រីកការតាំងទីលំនៅ” ។

សម្រាប់ផ្នែករបស់លោកវិញ លោក Blinken បានប្រាប់លោក អាបាស ថារដ្ឋបាលរបស់លោក “កំពុងខិតខំប្រឹងប្រែង និងរក្សាទំនាក់ទំនង ដើម្បីរំងាប់ភាពតានតឹងបច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank និង East Jerusalem”។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា អាបាស និង Blinken បានយល់ព្រមបន្តទំនាក់ទំនង របស់ពួកគេនាពេលអនាគត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ការ​ហៅ​ទូរស័ព្ទ​ រវាង​បុរស​ទាំង​ពីរ​ បាន​កើត​ឡើង ​បន្ទាប់​ពី​មាន​ភាព​តានតឹង​ រវាង​ប៉ាឡេស្ទីន និង​កងទ័ព​អ៊ីស្រាអែល​នៅ​តំបន់ West Bank។

កាលពីថ្ងៃព្រហស្បតិ៍ ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់ ដោយទាហានអ៊ីស្រាអែល នៅ ហ្សេរុយសាឡឹមខាងកើត និងតំបន់ West Bank រួមទាំងលោក Farouk Salameh ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ដែលអ៊ីស្រាអែលចោទប្រកាន់ថា ជាអ្នកនៅពីក្រោយ ការសម្លាប់មន្ត្រីយោធា កាលពីប៉ុន្មានខែមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023