ព័ត៌មានអន្តរជាតិ

លោក បៃដិន និងលោក ស៊ី ជីនពីង នឹងជួបគ្នាដោយផ្ទាល់ជាលើកដំបូង នៅឥណ្ឌូនេស៊ី ខណៈអាមេរិក ផ្ដោតលើបញ្ហាកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបើកកិច្ចប្រជុំដោយផ្ទាល់ ជាលើកដំបូងនៅថ្ងៃចន្ទ នៅឯកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី ដោយសេតវិមានបានបញ្ចាក់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ពិភាក្សាអំពីតៃវ៉ាន់ ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។

លោក បៃដិន ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនៃក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ នៅលើកោះរមណីយដ្ឋាននោះ បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើ ម្បីពិភាក្សាមួយទល់នឹងមួយជាមួយលោក ស៊ី “នូវអ្វីដែលចាបន្ទាត់ក្រហម របស់យើងនីមួយៗ” ។

លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា លោកចង់កំណត់ថាតើ ផលប្រយោជន៍សំខាន់ របស់សហរដ្ឋអាមេរិក និងចិន មានជម្លោះជាមួយគ្នា ឬអត់ ហើយ “ប្រសិនបើពួកគេធ្វើ តើត្រូវដោះស្រាយវាដោយរបៀបណា និងរបៀបដោះស្រាយវា”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សម្បទាន ​ជា​មូលដ្ឋាន​ណា​មួយ​ទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំទាំងពីរ បានរក្សាទំនាក់ទំនងជាប្រចាំ តាមរយៈបណ្តាញផ្សេងៗ ហើយភាគីអាមេរិក បានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី នៅកោះបាលី។

រដ្ឋបាលលោក បៃដិន កំពុងស្វែងរកការគ្រប់គ្រង ការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយប្រទេសចិន ដែលខ្លួនដាក់ស្លាកថាជា “ដៃគូប្រកួតប្រជែងតែមួយគត់” ជាមួយនឹងចេតនា និងអំណាច ដើម្បីប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ភាពតានតឹងបានកើនឡើង ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហា ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយប្រទេសចិន បានបញ្ចេញប្រតិកម្មដោយការបង្កើន សកម្មភាពយោធាយ៉ាងខ្លាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top