ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា រិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តដាក់ទណ្ឌកម្មរយៈពេល ១ឆ្នាំទៀត

ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជាមួយនឹងការសម្រេចចិត្តដ៏អនាធិបតេយ្យនេះ ចេតនាគឺដើម្បីទទូចលើយុទ្ធសាស្ត្រ ដែលមានកំហុសទាំងស្រុង ដែលសហភាពអឺរ៉ុប មិនបានគ្រប់គ្រងដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលបូលីវ៉ារៀ ឬបំបែកប្រជាជនរបស់យើងចេញពីផ្លូវនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង”។

ក្រសួង​បាន​ថ្កោលទោស​វិធានការ​នេះ​ថា​ជា​ការ​អនុវត្ត​ដោយ​ខុស​ច្បាប់ ក្នុង​លក្ខណៈ​ដែល​បាន​កំណត់​ទុក​ជា​មុន​ដើម្បី “ដាក់​ទណ្ឌកម្ម និង​រំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​វេណេស៊ុយអេឡា” ខណៈ​ទណ្ឌកម្ម​នឹង​បញ្ចប់​ត្រឹម​តែ​ការ​កំណត់​សិទ្ធិ​ទទួល​បាន​អាហារ ឱសថ និង​អ្វី​ដែលជាតម្រូវការផ្សេង​ទៀត។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “យើងបដិសេធចោលនូវគោលនយោបាយ ឆ្កួតលីលាក្នុងការប្រើឧបករណ៍ទាំងនេះនៃពាក្យសំដីនយោបាយ ដែលផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបង្កើតការអនុវត្តប្រកបដោយគ្រោះថ្នាក់ដែលផ្ទុយនឹងគោលការណ៍ច្បាប់អន្តរជាតិ និងការរួមរស់ដោយសន្តិភាព”។

ក្រសួងបានបន្ថែមថា ប្រជាជន និងរដ្ឋាភិបាលវេណេស៊ុយអេឡានឹង “បន្តការពារអធិបតេយ្យភាពរបស់យើង ដោយផ្អែកលើគោលការណ៍រដ្ឋធម្មនុញ្ញរបស់យើង ដោយបញ្ជាក់ឡើងវិញគ្រប់ពេលដែលឯករាជ្យភាពរបស់យើងទទួលបានជាង ២០០ ឆ្នាំមុន” ។

ទណ្ឌកម្មដែលបានដាក់ក្នុងឆ្នាំ២០១៧ បានហាមប្រាមមនុស្សចំនួន ៣៦ នាក់ពីការចូលទៅក្នុងសហភាពអឺរ៉ុប និងដាក់បង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេក៏បានដាក់ទណ្ឌកម្មលើអាវុធ និងឧបករណ៍ ដែលអាចប្រើសម្រាប់សកម្មភាពគាបសង្កត់នៅក្នុងប្រទេសផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top