ព័ត៌មានអន្តរជាតិ

ឡាវ ថៃ មីយ៉ាន់ម៉ា ស្វែងរកមធ្យោបាយ បង្ក្រាបការជួញ ដូរគ្រឿងញៀន នៅតំបន់ត្រីកោណមាស

បាងកក ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មន្ត្រីឡាវ ថៃ និង មីយ៉ាន់ម៉ា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹង ប្រែងរួមគ្នាក្នុងការបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ព្រំដែនត្រីកោណមាស។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ការិយាល័យរដ្ឋអាជ្ញាប្រជាជនកំពូល នៃប្រទេស ឡាវ កិច្ចប្រជុំលើកទីពីរ នៃបណ្តាញព្រះរាជអាជ្ញា ត្រីកោណមាស ស្តីពី “កិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងការជួញដូរគ្រឿង ញៀនក្នុងតំបន់” បានធ្វើឡើងនៅក្នុងខេត្ត Luang Prabang ភាគខាងជើង នៃប្រទេសឡាវ។

របាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើង ពីថ្ងៃពុធដល់ថ្ងៃសុក្រ មានគោលបំណងស្វែង រកមធ្យោបាយដោះស្រាយ ឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធភាព និងឆាប់រហ័ស។

កិច្ចប្រជុំបានស្តាប់បទបង្ហាញ ស្តីពីមូលដ្ឋានច្បាប់ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសគ្រឿង ញៀន សំណើច្បាប់ និងរបៀបធ្វើកិច្ច សហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង លើបញ្ហាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ក្នុងចំណោមប្រទេសទាំងបី។

អ្នកចូលរួមកិច្ចប្រជុំបានឯកភាពថា ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន បានក្លាយជាបញ្ហាសកល ដែលគំរាមកំហែងដល់ សន្តិសុខរបស់ប្រទេសក្នុងតំបន់ និងក្រៅតំបន់៕

To Top