ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន បដិសេធមិនធ្វើការរំលាយ គណៈរដ្ឋមន្រ្តី ក្រោយមានការផ្លាស់ប្ដូរ រដ្ឋមន្រ្តីជាបន្ដបន្ទាប់

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបដិសេធការរំពឹងទុក ដែលថាលោកកំពុងរៀបចំផែនការរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រីបីរូប របស់លោកត្រូវបានបណ្តេញចេញក្នុងរយៈពេលតិចជាងមួយខែ ដោយបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋាភិបាលរបស់លោក។

លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា ខុទ្ទកាល័យរបស់លោកមានបំណង “ផ្តោតលើបញ្ហាប្រឈមនយោបាយផ្សេងៗ” ដូចជាការពិភាក្សានៅក្នុងសម័យប្រជុំសភា ដែលកំពុងបន្ត និងធ្វើការដើម្បីកែសម្រួលឯកសារ ការពារជាតិសំខាន់ៗ ចំនួន៣ នៅចុងឆ្នាំនេះ។

ការរំពឹងទុកបានលេចឡើងថា ចំពេលមានការវាយតម្លៃ យឺតយ៉ាវ លោក គីស៊ីដា កំពុងពិចារណាលើការកែប្រែ គណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំគណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៅចុងឆ្នាំ ឬនៅដើមឆ្នាំក្រោយ។ លោកបានធ្វើការរុះរើចុងក្រោយ នៅដើមខែសីហា ដែលជាលើកទីមួយ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែតុលា ឆ្នាំ២០២១។

ការរំពឹងទុកកាន់តែខ្លាំងឡើងចាប់តាំងពី Minoru Terada ដែលជារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង និងជាជំនួយការជិតស្និទ្ធ របស់នាយករដ្ឋមន្ត្រី ត្រូវបានបណ្តេញចេញពីតំណែង កាលពីថ្ងៃអាទិត្យ ចំពេលមានរឿងអាស្រូវទាក់ទងនឹង មូលនិធិនយោបាយ ដែលបានក្លាយជារដ្ឋមន្ត្រី ចុងក្រោយបង្អស់ ដែលចាកចេញពីគណៈរដ្ឋមន្ត្រី។

មុនពេលលោក Terada រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Daishiro Yamagiwa បានលាលែងពីតំណែងជុំវិញទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយព្រះវិហារបង្រួបបង្រួមដ៏ចម្រូងចម្រាស។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yasuhiro Hanashi ក៏បានលាលែង ពីដំណែងផងដែរ ជុំវិញការប្រព្រឹត្តិខុសឆ្គង ដែលហាក់ដូចជាបង្ហាញពីតួនាទី របស់លោកក្នុងការអនុញ្ញាតឲ្យ ប្រហារជីវិតអ្នកទោស ជាប់គុក។

គណបក្សប្រឆាំង កំពុងបង្កើនការវាយប្រហារ របស់ពួកគេទៅលើរដ្ឋមន្ត្រី ការកសាងឡើងវិញ លោក Kenya Akiba ជុំវិញការចោទប្រកាន់ថាបានប្រើប្រាស់ មូលនិធិនយោបាយ មិនត្រឹមត្រូវ ក៏ដូចជាការរំលោភច្បាប់ បោះឆ្នោត របស់ការិយាល័យសាធារណៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top