ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ៖ គោលដៅចុងក្រោយ របស់កូរ៉េខាងជើង គឺដើម្បីទទួលបានកម្លាំង នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត លើពិភពលោក

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា គោលដៅចុងក្រោយ របស់ប្រទេសរបស់លោក គឺដើម្បីទទួលបាននូវកម្លាំង នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក ខណៈដែលលោកបានលើកកម្ពស់ មន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងដ៏ធំបំផុត របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។

គួរបញ្ជាក់ថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោក គីម បានត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ថ្មីរបស់ប្រទេសនេះ ហៅថា (ICBM) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយបានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែង នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរ ។

ការកសាងកម្លាំងនុយក្លេអ៊ែរ គឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកប ដោយភាពជឿជាក់ ហើយ “គោលដៅចុងក្រោយ របស់កូរ៉េខាងជើង គឺមានកម្លាំងយុទ្ធសាស្ត្រ ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលជាកម្លាំងដាច់ខាត ដែលមិនធ្លាប់មានពីមុនមកក្នុងសតវត្សន៍” លោក គីម បានថ្លែងនៅក្នុងលំដាប់នៃការលើកកម្ពស់ ។

លោកបានហៅមីស៊ីល Hwasong-17 ថា ជា “អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក” ហើយបានលើកឡើងថា កូរ៉េខាងជើងបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុត របស់ពិភពលោក ។

លោក គីម ក៏ត្រូវបានដកស្រង់សម្តី ដែលបានលើកឡើងទៀតថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង បានធ្វើឱ្យ “ការលោតផ្លោះដ៏អស្ចារ្យមួយឆ្ពោះ ទៅមុខក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោង” ហើយត្រូវបានគេរំពឹងថា នឹងពង្រីក និងពង្រឹងសមត្ថភាពរារាំងនុយក្លេអ៊ែរ របស់ប្រទេសក្នុងល្បឿនដ៏លឿនមិនធម្មតា ៕

To Top