ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកជំនួញជនជាតិចិន មួយរូប សង្ស័យជាមេគ្រឿងញៀន ព្រមប្រគល់ខ្លួន ឱ្យប៉ូលីស បង្ក្រាបមេម៉ាហ្វីយ៉ា ចិន

បរទេស៖ ប៉ូលិសប្រទេសថៃ កាលពីថ្ងៃអង្គារ គឺបាននឹងកំពុងស៊ើបអង្កេតផ្ទះចំនួន ៥០ នៅក្នុងគម្រោងលំនៅដ្ឋាន ដ៏ប្រណិតចំនួនពីរ នៅក្នុងសង្កាត់ Bang Na និង Klong San របស់ទីក្រុងបាងកក ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយនឹងមេគ្រឿងញៀន ជនជាតិចិន “Tuhao” ដែលទើបប្រគល់ខ្លួនឱ្យប៉ូលីស។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Chainat Kornchayanan ត្រូវបានគេស្គាល់ថា “Tuhao” ដែលជាពាណិជ្ជករជនជាតិចិន ដែលបានក្លាយជាជនជាតិថៃបន្ទាប់ពីបានរៀបការជាមួយវរសេនីយ៍ឯកប៉ូលីសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានប្រគល់ខ្លួនឱ្យក្រុមប៉ូលីសដែលទទួលខុសត្រូវលើការបង្ក្រាបមេម៉ាហ្វីយ៉ាចិន។ លោក Tuhao បានបដិសេធថា លោកមិនមែនជាមេគ្រឿងញៀនទេ។

អគ្គស្នងការរងនគរបាលជាតិថៃ លោក Torsak Sukvimol បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានស្វែងរកដីកាពីតុលាការ ដើម្បីឆែកឆេរផ្ទះចំនួន ៥០ នៅក្នុងគម្រោងចំនួនពីរ — នៅ Soi Lasalle និងផ្លូវ Charoen Nakhon – ដូចដែលពួកគេជឿថា ផ្ទះទាំងនោះត្រូវបានទិញដោយតំណាងរបស់ Chainat ហៅ Tuhao។

លោក Torsak បាននិយាយថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា គម្រោងទាំងពីរនេះ មានផ្ទះសរុបចំនួន ៦៦ ដែលមានតម្លៃចាប់ពី ៣៥ ទៅ ៦០ លានបាត ក្នុងនោះ ផ្ទះចំនួន ៥០ ត្រូវបានជនជាតិចិនមួយក្រុមទិញជាសាច់ប្រាក់។

ការស៊ើបអង្កេតកាលពីថ្ងៃអង្គារបានរកឃើញថា ផ្ទះភាគច្រើនមិនមានអ្នករស់នៅទេ ខណៈដែលផ្ទះខ្លះមានតែអ្នកថែរក្សាផ្ទះដែលរស់នៅប៉ុណ្ណោះ។

លោកបានបន្តថា «ផ្ទះទាំង ៥០ នេះ ភាគច្រើនមានម្ចាស់ជាជនជាតិចិន ជាមួយនឹងអ្នកផ្ទះជាជនជាតិថៃ។ “អតីតអ្នកជិតខាងមួយចំនួនបាននិយាយថា ពួកគេបានសម្រេចចិត្តផ្លាស់ចេញ ដោយសារតែអ្នកជិតខាងទាំងនេះតែងតែប្រារព្ធពិធីជប់លៀងដែលបង្កសំឡេងខ្លាំងនៅពេលយប់”៕

ប្រែសម្រួលៈ ណៃ តុលា

To Top