ព័ត៌មានអន្តរជាតិ

ក្រុមសិទ្ធិមនុស្ស៖ ពលរដ្ឋចំនួន៤៤៨នាក់ ត្រូវបានសម្លាប់ដោយក្រុមសន្តិសុខអ៊ីរ៉ង់ ក្នុងពេលបង្ក្រាបក្រុមបាតុករ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងតិច៤៤៨នាក់ នៅក្នុងការបង្រ្កាបការតវ៉ា ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែកញ្ញា ជាងពាក់កណ្តាលនៅក្នុងតំបន់ជនជាតិភាគតិច ។ នេះបើតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃអង្គារ ។

ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ ហៅកាត់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសណ័រវេសន៍បានឲ្យដឹងថា ក្នុងចំណោមមនុស្ស៤៤៨ នាក់ដែលត្រូវបានបញ្ជាក់ថា បានស្លាប់នោះ ៦០នាក់ជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ រួមទាំងក្មេងស្រី៩នាក់ និងស្ត្រី ២៩នាក់ ។

ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា មនុស្សចំនួន១៦នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងសប្តាហ៍មុនតែម្នាក់ឯង ដែលក្នុងនោះ ១២នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ដែលមានប្រជាជនឃឺដ ជាកន្លែងដែលការតវ៉ាមានភាពតានតឹងយ៉ាងខ្លាំង ។

ចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរ បន្ទាប់ពីការស្លាប់របស់មនុស្សដែលត្រូវបានសម្លាប់កាលពីសប្តាហ៍មុនត្រូវបានផ្ទៀងផ្ទាត់ និងបូករួមបញ្ចូលគ្នា ។ ចំនួនអ្នកស្លាប់នេះរាប់បញ្ចូលតែពលរដ្ឋដែលត្រូវបានស្លាប់ក្នុងការបង្រ្កាប និងមិនមែនជាសមាជិកនៃកងសន្តិសុខនោះទេ ។

ឧត្តមសេនីយឯក Amirali Hajizadeh នៃកងឆ្មាំបដិវត្តន៍ឥស្លាម កាលពីថ្ងៃអង្គារ បានលើកឡើងថា មនុស្សជាង៣០០នាក់ ត្រូវបានសម្លាប់ ដែលនេះជាលើកទី១ហើយ ដែលអាជ្ញាធរបានទទួលស្គាល់តួលេខបែបនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top