ព័ត៌មានអន្តរជាតិ

Update៖ ឆ្មាំសន្តិសុខនៅស្ថានទូតអ៊ុយក្រែន ក្នុងប្រទេសអេស្ប៉ាញ រងរបួសក្រោយមានការបំផ្ទុះគ្រាប់បែកក្នុងសំបុត្រ 

ម៉ាឌី្រដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នំា២០២២ថា កាលពីថ្ងៃពុធ ឆ្មាំសន្តិសុខនៅឯស្ថានទូតអ៊ុយក្រែននៅក្នុងទីក្រុងម៉ាឌ្រីដ បានរងរបួសស្រាល ខណៈពេលកំពុងបើកលិខិត១ច្បាប់ដែលផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុង គៀវ បង្កើនសន្តិសុខនៅស្ថានទូតរបស់ខ្លួន ។

តំណាងរដ្ឋាភិបាលកណ្តាលនៅទីក្រុងម៉ាឌ្រីដ លោក Mercedes Gonzalez បានថ្លែងថា សំបុត្រដែលបានមកដល់តាមប្រៃសណីយ៍បានផ្ទុះឡើង នៅគ្រាដែលឆ្មាំបានបើកវានៅក្នុងសួនច្បារស្ថានទូត ។

លោក Serhii Pohoreltsev ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអេស្ប៉ាញ បានលើកឡើងថា អ្នកយាមត្រូវបានឲ្យចេញពីមន្ទីរពេទ្យវិញនៅថ្ងៃពុធ ហើយបានត្រឡប់ទៅធ្វើការវិញហើយ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់អេស្ប៉ាញ លោក Pohoreltsev បានបង្ហាញខ្លួន ដោយស្តីបន្ទោសប្រទេសរុស្ស៊ីថា “យើងដឹងយ៉ាងច្បាស់អំពីវិធីសាស្រ្តភេរវករនៃប្រទេសឈ្លានពាន” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងទៀតថា “វិធីសាស្រ្ត និងការវាយប្រហាររបស់រុស្ស៊ី តម្រូវឱ្យយើងត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុ ការបង្កហេតុ ឬការវាយប្រហារណាមួយ” ។

ប្រភពពីប៉ូលិសមួយបានឲ្យដឹងថា កម្លាំងប៉ូលិសជាតិអេស្ប៉ាញ ត្រូវបានគេជូនដំណឹងពីការផ្ទុះមួយនៅស្ថានទូតនៅម៉ោងប្រហែល១រសៀល ។

ប្រភពបានបន្តឲ្យដឹងទៀតថា អ្នកយាមរងរបួសស្រាល ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ៕

To Top