ព័ត៌មានអន្តរជាតិ

Update៖ គ្រោះបាក់ដីនៅលើកំណាត់ ផ្លូវហាយវេស៍មួយនៅភាគខាងត្បូងប្រេស៊ីល បង្កឲ្យមានមនុស្សស្លាប់និងបាត់ខ្លួនជាច្រើននាក់ 

ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នំា២០២២ថា គ្រោះបាក់ដីបានកើតឡើងនៅលើកំណាត់ផ្លូវហាយវេស៍មួយនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់បាត់ខ្លួន ។
អាជ្ញាធរបានឲ្យដឹងថា ល្បាប់ភក់បានហូរធ្លាក់មកលើផ្លូវហាយវេ BR-376 ក្នុងរដ្ឋ Paraná ដោយបានបុកប៉ះរថយន្តយ៉ាងតិច ១៦គ្រឿង ។

ក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា អាកាសធាតុអាក្រក់ ហើយទីតាំងដាច់ស្រយាលកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកកំពុងបាត់ខ្លួន ។

អាជ្ញាធរមូលដ្ឋានបានប្រាប់ដល់សន្និសីទសារព័ត៌មានថា មនុស្សចន្លោះពី៣០ទៅ៥០នាក់អាចនឹងបាត់ខ្លួន ។

ក្រុមសេវាសង្គ្រោះបន្ទាន់បានរកឃើញអ្នកនៅរស់រានមានជីវិតចំនួន៦នាក់ រួមទាំងអភិបាលក្រុងឆ្នេរសមុទ្រ Guaratuba លោក Roberto Justus ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គម លោក Justus បានលើកឡើងថា លោកមានជីវិតរស់ដោយសារព្រះគុណរបស់ព្រះ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយដូច្នេះ ។

លោកបានថ្លែងថា “វាគួរឲ្យរន្ធត់ ។ “ភ្នំទើបតែធ្លាក់ពីលើយើង ។ វាបានបោកបក់ទៅគ្រប់ឡានដែលនៅចុងក្រោយ” ។

រូបភាពពីលើអាកាសដែលចេញផ្សាយដោយក្រុមសេវាសង្គ្រោះបន្ទាន់បង្ហាញពីការខូចខាតដែលបណ្តាលមកពីគ្រោះបាក់ដីកាលពីយប់ថ្ងៃចន្ទ ដែលបានបោកបក់ផ្នែកមួយនៃផ្លូវហាយវេស៍ និងយានជំនិះនៅលើនោះ ។

មានការព្រួយបារម្ភថា អាចនឹងមានគ្រោះបាក់ដីកើតឡើងបន្ថែមទៀត ជាមួយគ្នានេះដែរ ក្រុមសេវាកម្មអាកាសធាតុជាតិ ហៅកាត់ថា INMET បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់រដ្ឋជាច្រើននៅក្នុងប្រទេសប្រេស៊ីល ៕

To Top