ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ខ្លួន អតីតប្រធានសន្តិសុខម្នាក់ ជុំវិញការបាញ់ប្រហារ នៅព្រំដែនជាមួយ កូរ៉េខាងជើង

បរទេស៖ អតីតមន្ត្រីសន្តិសុខជាន់ ខ្ពស់កូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា បានព្យាយាមបិទបាំងឧប្បត្តិហេតុ បាញ់ប្រហារឆ្នាំ ២០២០ នៅជិតព្រំដែនជាមួយ ប្រទេសកូរ៉េខាងជើង ដោយរដ្ឋអាជ្ញាអះអាងថា គាត់បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ បំផ្លាញឯកសារ ដែលទាក់ទងនឹងករណីនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយ យោងតាមសារព័ត៌មាន កូរ៉េខាងត្បូង Yonhap Newsថា តុលាការក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួនអតីត ទីប្រឹក្សាសន្តិសុខជាតិ លោក Suh Hoon នៅព្រឹកថ្ងៃសៅរ៍ ដែលបានកត់សម្គាល់ថាលោក Suh ត្រូវបាន “សង្ស័យថា បានបញ្ជាឱ្យមន្ត្រី សន្តិសុខសំខាន់ៗ ឱ្យលុបរបាយការណ៍ ចារកម្មផ្ទៃក្នុង” ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុព្រំដែន កាលពី២ឆ្នាំមុន។ តុលាការក៏បានលើកឡើង ពីលទ្ធភាពដែលលោក Suh អាចស្វែងរកការបំផ្លាញភស្តុតាងបន្ថែមទៀត។

ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ នៅពេលដែលបុគ្គលិកក្រសួងនេសាទ និងសមុទ្រ អាយុ ៤៧ ឆ្នាំលោក Lee Dae-jun ត្រូវបានបាញ់ប្រហារ ដោយទាហានឆ្មាំឆ្នេរសមុទ្រ កូរ៉េខាងជើង ខណៈពេលកំពុងធ្វើការនៅជិតព្រំដែនដែលបំបែកកូរ៉េទាំងពីរ។ ក្រោយមកទីក្រុងព្យុងយ៉ាង បានសុំទោសចំពោះ ការសម្លាប់នេះ ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បាននិយាយថា លោកមានការសោកស្តាយ យ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុ “មិនសមហេតុផល”៕

ប្រែសម្រួលៈ ណៃ តុលា

To Top