ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិតធ្ងន់៦,២រ៉ិចទ័រ អង្រួននៅភាគខាងលិចឥណ្ឌូនេស៊ី 

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានរាយការណ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានកក្រើកខេត្តភាគខាងលិច កោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាត ឬស្លាប់បាត់បង់ជីវិតនោះទេ ។
ប្រធានផ្នែកកាត់បន្ថយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារ Daryono បានឲ្យដឹងថា ទីភ្នាក់ងារនេះបានចេញផ្សាយជាលើកដំបូងនូវការរញ្ជួយដីដែលមានកម្រិត៦,២រ៉ិចទ័រ ហើយឥឡូវនេះបានកែប្រែវាទៅជា៦.០រ៉ិចទ័រ វិញ ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ តាមទូរស័ព្ទយ៉ាងដូច្នេះថា “ទីតាំងនៃចំណុចកណ្តាលនៃការរញ្ជួយដី គឺនៅឆ្ងាយ ហើយកម្លាំងរបស់វាគឺខ្សោយ ។ ប្រជាជនមិនចាំបាច់ព្រួយបារម្ភអំពីផលប៉ះពាល់នៃការរញ្ជួយដីនោះទេ” ។

យោងតាមការបញ្ជាក់របស់លោក Daryono ទីភ្នាក់ងារនេះមិនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ដោយសារការរញ្ជួយដីមិនបង្កឱ្យមានរលកយក្សឡើយ ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង១៣និង០៧នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៦និង០៧នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាលស្ថិតនៅចម្ងាយ២៨៤គីឡូម៉ែត្រភាគនិរតីនៃ Jember Regency និងជម្រៅ១០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ៕

To Top