ព័ត៌មានអន្តរជាតិ

ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់អតីតសមាជិកសភា អ៊ុយក្រែនម្នាក់ ពីបទលាងលុយកខ្វក់

បរទេស៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានចោទប្រកាន់អតីតសមាជិកសភាអ៊ុយក្រែន លោក Andrey Derkach ពីបទក្លែងបន្លំ និងលាងលុយកខ្វក់ បន្ទាប់ពីលោក Derkach បានរាយការណ៍ថា លោកបានទិញអចលនទ្រព្យចំនួនពីរ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោក Derkach ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ជុំវិញការអះអាងដែល លោកបានធ្វើឱ្យបែកធ្លាយព័ត៌មានលម្អិត នៃការសន្ទនាតាមទូរស័ព្ទរវាងលោក Joe Biden និងអតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយថា លោក Derkach ដែលខ្លួនចាត់តាំងជា “ភ្នាក់ងាររុស្ស៊ីសកម្ម” ជុំវិញការចោទប្រកាន់របស់លោកបាន “ជ្រៀតជ្រែកការបោះឆ្នោត” នៅក្នុងការប្រណាំងប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២០ ប្រឈមមុខនឹងការជាប់ ពន្ធនាគាររហូតដល់ ៣០ឆ្នាំសម្រាប់ការសមគំនិត ក្នុងការរំលោភបំពានលើ ទណ្ឌកម្មសហរដ្ឋអាមេរិក ការឃុបឃិតគ្នាក្លែងបន្លំធនាគារ ការឃុបឃិតគ្នាក្នុងការលាងលុយកខ្វក់ និងបួនករណីនៃការលាងលុយ។

លោក Derkach ធ្លាប់បានបដិសេធមិនធ្វើការឱ្យទីក្រុងម៉ូស្គូ ឬជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។

រដ្ឋអាជ្ញាបានអះអាងថា ចាប់តាំងពីឆ្នាំ ២០១៣មក អតីតសមាជិកសភា និងជាអ្នកសម្រេចមិនបញ្ចេញឈ្មោះ បានបង្កើតគម្រោងមួយដើម្បីទិញ និងថែរក្សា “ខុនដូប្រណិត” ចំនួនពីរនៅ Beverly Hills ដោយប្រើប្រាក់ដែលដកពីគណនីបរទេស និងអន្តរការីនៅក្នុងសហរដ្ឋអាមេរិក ដើម្បីលាក់បាំងការចូលរួម របស់លោកក្នុងការទិញនេះ។ គេអះអាងថា អតីតតំណាងរាស្រ្តរូបនេះបានទិញ អចលនទ្រព្យមួយសម្រាប់ខ្លួនលោក និងមួយទៀតសម្រាប់កូនៗរបស់គាត់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top