ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ថ្កោលទោស​ សម្ពាធ​អាមេរិក​ លើ​អង្គការ​សហប្រជាជាតិ ជុំវិញ​ការ​ធ្វើ​បច្ចុប្បន្នភាព​ក្រុមហ៊ុន​ ដែល​ប្រតិបត្តិការ​ ក្នុង​ការ​តាំង​ទីលំនៅ ​របស់​អ៊ីស្រាអែល

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានរិះគន់ចំណាត់ការ របស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើអង្គការសហប្រជាជាតិ កុំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់។

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានប្រាប់ “Voice of Palestine” ថា “ការដឹកនាំប៉ាឡេស្ទីនបដិសេធ រាល់សម្ពាធរបស់សហរដ្ឋអាមេរិក មកលើអង្គការសហប្រជាជាតិ និងស្ថាប័នប្រតិបត្តិការរបស់ខ្លួន”។

លោក​បាន​បន្ថែម​ថា ក្រសួង​របស់​លោក​កំពុង​ធ្វើ​ការ​រៀបចំ​កិច្ច​ប្រជុំ​ ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Volker Turk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានឲ្យដឹងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន “បន្តប្រឆាំងនឹងសកម្មភាពណាមួយ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីនេះ ហើយបានលើកឡើង ពីការព្រួយបារម្ភដោយផ្ទាល់ ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស”។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចេញផ្សាយបញ្ជីក្រុមហ៊ុន ដែលប្រតិបត្តិការ នៅក្នុងការតាំងទីលំនៅរបស់អ៊ីស្រាអែល។ បញ្ជីនេះមានក្រុមហ៊ុនចំនួន ១១២ រួមទាំងក្រុមហ៊ុនអ៊ីស្រាអែល និងអាមេរិក។

អ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank បន្ទាប់ពីសង្រ្គាមឆ្នាំ១៩៦៧ ហើយបានបង្កើតការតាំងទីលំនៅ រាប់សិបកន្លែងនៅ West Bank និងយេរ៉ូសាឡឹមខាងកើយ ដែលត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់អន្តរជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top