ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អាមេរិកស្ទាក់ស្ទើរក្នុងការបញ្ជូនគ្រាប់បែកចង្កោម ដែលអឺរ៉ុបហាមប្រើ ទៅឱ្យអ៊ុយក្រែន

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន មិន “ពិចារណាសកម្ម” ក្នុងការបញ្ជូនគ្រាប់បែកចង្កោម ទៅកាន់ទីក្រុងគីវនោះទេ។ នេះបើតាមសារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមមន្ត្រីអនុវត្តច្បាប់របស់រុស្ស៊ី ទាហានអ៊ុយក្រែនបានប្រើប្រាស់ អាវុធប្រភេទនេះរួចហើយ ដោយបានសម្លាប់ជនស៊ីវិល ៤នាក់នៅក្នុងទីក្រុង Kherson កាលពីខែតុលា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ទស្សនាវដ្ដី Foreign Policy បានសរសេរថា អ៊ុយក្រែនបានស្នើសុំតាំងពីចុងខែកញ្ញា មកម្ល៉េះ នូវគ្រាប់បែកសម័យសង្គ្រាមត្រជាក់ ដែលស្តុកទុកដោយសហរដ្ឋអាមេរិក។ ដូចប្រភេទផ្សេងទៀតនៃគ្រាប់បែកចង្កោមដែរ គ្រាប់ដែលផលិតដោយសហរដ្ឋអាមេរិកអាចបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះ ដែលជនស៊ីវិលអាចរងគ្រោះដោយចៃដន្យបាន។

អាវុធទាំងនេះត្រូវបានហាមឃាត់ក្រោមអនុសញ្ញាឆ្នាំ ២០០៨ ស្តីពីគ្រាប់បែកចង្កោម (CCM) ដែលត្រូវបានចុះហត្ថលេខាដោយសមាជិកសហភាពអឺរ៉ុបភាគច្រើន ប៉ុន្តែមិនមែនសហរដ្ឋអាមេរិក អ៊ុយក្រែន ឬរុស្ស៊ីនោះទេ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “យោងទៅតាមគោលនយោបាយរបស់យើង យើងមានការព្រួយបារម្ភអំពីការប្រើប្រាស់អាវុធប្រភេទទាំងនោះ” ៕

To Top