ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ុយក្រែន និងអាមេរិក ជួបពិភាក្សាអំពី ជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុ

គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដល់ទីក្រុងគៀវ។

ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់លោក បៃដិន សម្រាប់ការគាំទ្រ ដោយកត់សម្គាល់ថា វាបានជួយអ៊ុយក្រែនឱ្យឈាន ទៅមុខនៅលើសមរភូមិ និងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។

ជាពិសេស លោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណ ចំពោះសមភាគីសហរដ្ឋអាមេរិក សម្រាប់កញ្ចប់ជំនួយការពារជាតិ មួយផ្សេងទៀតដែលមានតម្លៃ ២៧៥ លានដុល្លារអាមេរិក ដែលបានប្រកាសកាលពីថ្ងៃសុក្រមុន និងជំនួយសម្រាប់ការកសាងឡើងវិញ នៃប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលត្រូវបានខូចខាតដោយ ការវាយប្រហាររបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែន និងអាមេរិកក៏បានពិភាក្សាគ្នាអំពីរូបមន្ត ១០ ចំណុច សំដៅបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលត្រូវបានបង្ហាញដោយ ហ្សេឡិនស្គី កាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ គឺជាប្រធានបទផ្សេងទៀតនៃ ការសន្ទនារវាងមេដឹកនាំទាំងពីរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top