ព័ត៌មានអន្តរជាតិ

កាណាដា សម្រេចបង្ខាំងទ្រព្យសម្បត្តិ មហាសេដ្ឋីរុស្សីលោក Abramovich

បរទេស៖ យោងតាមការប្រកាសដោយក្រសួងការបរទេស នៃប្រទេសកាណាដាកាល ពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកាណាដា បានបង្ហាញនូវការសម្រេចចិត្តរួចរាល់ហើយថា នឹងធ្វើការបង្ខាំងទុកនូវទ្រព្យសម្បត្តិ ដែលមានតម្លៃប្រមាណជា ២៦លានដុល្លារ នៃក្រុមហ៊ុន Granite Capital Holdingsដែលជាក្រុមហ៊ុន របស់មហាសេដ្ឋីរុស្សីលោក Roman Abramovich ។

រំលឹកដែរថា ចាប់តាំងតែពីពេលមានជម្លោះនៅអ៊ុយក្រែន កាលពីខែកុម្ភៈមកកាណាដាព្រមទាំង សហភាពអឺរ៉ុប និងអង់គ្លេសផង គឺជាប្រទេសដំបូងគេ ដែលបានចាប់ផ្តើមអនុវត្តការងារដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងប្រទេសរុស្សី។

ទោះបីជាយ៉ាងណាក្តីការអនុម័តច្បាប់ថ្មីក្រោយនេះ គឺជាលើកដំបូងហើយដែលអនុញ្ញាតិ ឲ្យកាណាដាក្នុងការបង្ខាំងទ្រព្យសម្បត្តិ នៃក្រុមហ៊ុននិងបុគ្គលជាជនជាតិរុស្សី ក្នុងរូបភាពជាទណ្ឌកម្ម។

នៅក្នុងសេចក្តីប្រកាស របស់ក្រសួងការបរទេសនោះផងដែរ ក៏បានបញ្ជាក់ថាទ្រព្យសម្បត្តិទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ និងមួយចំណែកសម្រាប់ធ្វើសំណង ទៅលើប្រទេសអ៊ុយក្រែន ដែលជាអ្នកទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ៕ ប្រែសម្រួល៖ស៊ុនលី

To Top