ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា នាយករដ្ឋមន្រ្តីអង់គ្លេស និងជប៉ុន បានចុះហត្ថលេខាលើអ្វី ដែលហៅថា Downing Street ហៅថា កិច្ចព្រមព្រៀង ការពារថ្មី “ដ៏សំខាន់”ដែលអនុញ្ញាត ឱ្យកងទ័ពអង់គ្លេសដាក់ពង្រាយ នៅក្នុងប្រទេសជប៉ុន ខណៈដែលអ្នកទាំង២ បានជួបគ្នានៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ។
លោក Rishi Sunak និងលោក Fumio Kishida បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនៅ Tower of London ដោយមេដឹកនាំចក្រភពអង់គ្លេស បានប្រាប់ដល់ភ្ញៀវរបស់គាត់ថា “ទំនាក់ទំនង រវាងប្រទេសរបស់យើងទាំង២ គឺខ្លាំងជាងពេលណាទាំងអស់ មិនត្រឹមតែលើពាណិជ្ជកម្ម និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃ របស់យើងផងដែរ” ។
កិច្ចព្រមព្រៀងនេះគឺជាសញ្ញាចុងក្រោយបង្អស់ នៃការចាប់អារម្មណ៍កាន់តែខ្លាំងឡើង របស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយការខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូក្នុងការពង្រឹងសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយប្រទេសចិន ។
កិច្ចព្រមព្រៀងនេះ បង្កើតមូលដ្ឋានច្បាប់សម្រាប់ការដាក់ ពង្រាយកងទ័ពអង់គ្លេស និងជប៉ុននៅលើទឹកដីរបស់គ្នា ទៅវិញទៅមកសម្រាប់ការហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀត ។
ការិយាល័យរបស់លោក Sunak បានហៅវាថា “កិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់បំផុត រវាងប្រទេសទាំងពីរក្នុងរយៈពេលជាង១សតវត្សរ៍” ។
គួររំលឹកថា ការចរចាលើកិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមនៅឆ្នាំ២០២១ ៕