ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ OPEC+ ផ្តល់អនុសាសន៍ឱ្យបន្តរក្សាគោលនយោបាយ ទិន្នផលប្រេង

វីយែន៖ មន្ត្រីប្រេងនាំមុខគេ បានផ្តល់អនុសាសន៍ឱ្យ រក្សាគោលនយោបាយ ទិន្នផលប្រេងបច្ចុប្បន្ន របស់អង្គការ OPEC+ ជាអង្គការសម្ព័ន្ធនៃប្រទេសនាំ ចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពេល មានទស្សនវិស័យសេដ្ឋកិច្ចពិភពលោក មិនច្បាស់លាស់។

OPEC+ បានយល់ព្រមក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការផលិតចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែបន្ទាប់រហូតដល់ចុងឆ្នាំ២០២៣។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោក ប្រចាំឆ្នាំ។

សមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យរួម OPEC + (JMMC) “បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ” ចំពោះផែនការទិន្នផលបច្ចុប្បន្ននៅឯកិច្ចប្រជុំនិម្មិតមួយកាលពីថ្ងៃពុធ ហើយ “បានជំរុញឱ្យប្រទេសចូលរួមទាំងអស់ សម្រេចបាននូវការអនុលោមពេញលេញ និងប្រកាន់ខ្ជាប់នូវយន្តការសំណង” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ។

JMMC រួមមានរដ្ឋមន្ត្រីប្រេងមកពីប្រទេស OPEC+ ។ វាមិនមានអំណាចធ្វើការសម្រេចចិត្តទេ ប៉ុន្តែផ្តល់អនុសាសន៍គោលនយោបាយសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC+ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តរបស់ក្រុម។ វាក៏មានសិទ្ធិក្នុងការស្នើសុំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC + បន្ថែម “នៅពេលណាក៏បានដើម្បីដោះស្រាយការអភិវឌ្ឍន៍ទីផ្សារ” នេះបើយោងតាមអង្គការ OPEC ។

OPEC បានបន្ថែមថា JMMC បានពិនិត្យទិន្នន័យផលិតកម្មប្រេងសម្រាប់ខែវិច្ឆិកា និងខែធ្នូឆ្នាំមុន ហើយ “បានកត់សម្គាល់ពីការអនុលោមជារួម” សម្រាប់បណ្តាប្រទេស OPEC+។

កិច្ចប្រជុំ JMMC លើកក្រោយត្រូវបានកំណត់សម្រាប់ថ្ងៃទី០៣ ខែមេសា។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបន្ទាប់របស់ OPEC+ ដែលជាកន្លែងដែលក្រុមនេះ នឹងសម្រេចចិត្តជាផ្លូវការ នូវគោលនយោបាយទិន្នផលរបស់ខ្លួន ត្រូវបានកំណត់សម្រា ប់ថ្ងៃទី០៤ ខែមិថុនា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top