បរទេស៖ យោធាអាមេរិក បានរកឃើញបាឡុង ដែលនៅរយៈកម្ពស់ខ្ពស់ទីពីរ ដែលខ្លួនអះអាងថា ជាឧបករណ៍ឃ្លាំមើលរបស់ប្រទេសចិន ដែលបានតាមដានចុងក្រោយ ដែលធ្វើដំណើរឆ្លងកាត់អាមេរិកឡាទីន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយថា វត្ថុទីពីរត្រូវបានគេវាយតម្លៃថាជា “បាឡុងឃ្លាំមើលរបស់ចិនមួយទៀត” ទោះបីជាវត្ថុនេះហាក់ដូចជាមិនឆ្ពោះទៅ សហរដ្ឋអាមេរិកក៏ដោយ។ ឧត្តមសេនីយរូបនេះ បាននិយាយប៉ុន្មានម៉ោងមុននេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា បាឡុងទីមួយ ដែលត្រូវបានគេប្រទះឃើញ នៅរដ្ឋម៉ុនតាណា កាលពីថ្ងៃពុធ គឺស្ថិតក្នុងការរំលោភលើដែនអាកាសសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានពន្យារពេលការធ្វើដំណើរ របស់លោកទៅកាន់ទីក្រុងប៉េកាំង ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ហើយបានប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា បាឡុង “បានបង្កើតលក្ខខណ្ឌ ដែលធ្វើឱ្យខូចដល់គោលបំណង នៃការធ្វើដំណើរនេះ” ។
ទីក្រុងប៉េកាំង បានទទួលស្គាល់ភាពជាម្ចាស់ របស់បាឡុងកាលពីថ្ងៃពុធ ប៉ុន្តែចិនក៏បានច្រានចោលការអះអាង របស់សហរដ្ឋអាមេរិកដែលថា ខ្លួនកំពុងព្យាយាមប្រមូលព័ត៌មាន រសើបពីអាមេរិក។ ក្រសួងការបរទេសចិន បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន ដោយពណ៌នាអំពីយន្តហោះនេះថាជា “នាវាអាកាសស៊ីវិល ដែលប្រើសម្រាប់ការស្រាវជ្រាវ គោលបំណងសំខាន់នៃឧតុនិយម” ដែល “បានងាកចេញពីទិសដៅរបស់វា” ដោយសារតែខ្យល់បក់ខ្លាំង៕ ប្រែសម្រួលៈ ណៃ តុលា