ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ មួយថ្ងៃបន្ទាប់ពីបានព្រមាន ទៅក្រុងវ៉ាស៊ីនតោន និងសេអ៊ូល 

បរទេស៖ យោងតាមយោធាកូរ៉េខាងត្បូង គឺប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ចូលទៅក្នុងសមុទ្រ មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានព្រមានក្រុងវ៉ាស៊ីនតោន និងសេអ៊ូលថា ខ្លួននឹងចេញការឆ្លើយតប “ខ្លាំង” ចំពោះសមយុទ្ធយោធានាពេលខាងមុខ រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងសេអ៊ូលមិនបានរាយការណ៍ភ្លាមៗពីកន្លែងដែលមីស៊ីលបានធ្លាក់នោះទេ ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Toshiro Ino បាននិយាយថា មីស៊ីលត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ក្នុងទឹកប្រហែល ១២៥ម៉ាយពីភាគខាងលិចនៃកោះ Oshimo នៃឆ្នេរសមុទ្រ Hokkaido នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ 

យោងតាមនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida គឺថា រដ្ឋាភិបាល ទីក្រុងតូក្យូកំពុងរក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បន្ទាប់ពីឧប្បត្តិហេតុនេះ ដែលលោកបានពិពណ៌នាថា ជា “អំពើហឹង្សាដែលបង្កើនការញុះញង់ឆ្ពោះទៅរកសណ្តាប់ធ្នាប់អន្តរជាតិ” ។

កូរ៉េខាងជើង​បាន​ប្តេជ្ញា​ថា​ នឹង​មាន​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង និង​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​សមយុទ្ធ​រួម​ដែល​បាន​គ្រោង​ទុក​សម្រាប់​សប្តាហ៍​ខាង​មុខ។ កន្លងមក ទីក្រុងព្យុងយ៉ាងបានសំដៅលើសមយុទ្ធបែបនេះរវាងកូរ៉េខាងត្បូង និងអាមេរិកថាជា “ការហាត់សម” សម្រាប់ការលុកលុយពេញលក្ខណៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top