ព័ត៌មានអន្តរជាតិ

ព័ត៌មានរសើប! ហ្វីលីពីន អះអាងថា នាវាជើងទឹករបស់ចិន រាប់សិបគ្រឿង កំពុងមានវត្តមាន នៅជិតដែនកោះរបស់ខ្លួន

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា ហ្វីលីពីនបានអះអាង នៅថ្ងៃសៅរ៍នេះថា ខ្លួនបានប្រទះឃើញកប៉ាល់ កងទ័ពជើងទឹកចិន និងនាវាជីវពលរាប់សិបគ្រឿង នៅជុំវិញកោះដែលហ្វីលីពីន កាន់កាប់ដោយជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងលើទឹកដី កើនឡើងនៅក្នុងតំបន់ ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានឲ្យដឹងថា នាវាចំនួន៤២គ្រឿងដែលគេជឿថា ជានាវិកដោយបុគ្គលិកកងជីវពល ដែនសមុទ្រចិនត្រូវបានគេឃើញ នៅក្នុងតំបន់ជុំវិញកោះ Thitu ខណៈដែលនាវាកងទ័ពជើងទឹកចិន និងកប៉ាល់ឆ្មាំឆ្នេរ សមុទ្រត្រូវបានគេសង្កេតឃើញថា “កំពុងបណ្តែតខ្លួនជាបណ្តើរៗ” នៅក្នុងដែនទឹកជុំវិញនោះ ។

ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើការអះអាងនេះទេ ។

គួរបញ្ជាក់ថា ដែនកោះ Thitu នៅក្នុងខ្សែសង្វាក់ប្រជុំកោះ គឺ ជាច្រកយុទ្ធសាស្ត្រដ៏ធំបំផុត និងសំខាន់បំផុតរបស់ទីក្រុងម៉ានីល នៅក្នុងដែនសមុទ្រចិន ខាងត្បូង ដែលជាផ្នែកនៃទឹកដែលភាគច្រើន ទាមទារដោយទីក្រុងប៉េកាំង ជាកន្លែងដែលប្រទេសជាច្រើន មានការតវ៉ាទាមទារទឹកដីមួយនេះ ។

ប្រធានាធិបតី Ferdinand Marcos Jr បានថ្លែងកាលពី២សប្តាហ៍មុនថា ប្រទេសហ្វីលីពីន “នឹងមិនឲ្យបាត់បង់ទឹកដីមួយអ៊ីញ” ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ មួយនេះបានតវ៉ាចំពោះ “សកម្មភាពឈ្លានពាន” របស់ចិននៅក្នុងដែនសមុទ្រ ៕

To Top