ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន មួយចំនួន ពាក់ព័ន្ធទៅនឹងការផលិតដ្រូន របស់អ៊ីរ៉ង់

បរទេស៖ យោងការចេញផ្សាយរបស់កាសែត RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារតនាគារជាតិ របស់សហរដ្ឋអាមេរិក បានដាក់បញ្ចូលជនជាតិចិនម្នាក់ និងក្រុមហ៊ុនចិនចំនួន៥ផ្សេងទៀត ចូលទៅក្នុងបញ្ជីទណ្ឌកម្ម នៃក្រុមដែលមានការពាក់ព័ន្ធ ទៅនឹងប្រទេសអ៊ីរ៉ង់។

ប្រភពដដែល បានសរសេរទៀតថាអាមេរិក បានចោទប្រកាន់ថាពួកគេទាំងនេះ បានចូលរួមនៅក្នុងផ្នែកនៃកិច្ចការងារ បណ្តាញផលិតនិងជួយគាំទ្រ ដល់រដ្ឋាភិបាលក្រុងតេហរ៉ង់ ក្នុងការបញ្ជាទិញនិងប្រើប្រាស់គ្រឿងបន្លាស់ មួយចំនួន ក្នុងការផលិតដ្រូនឲ្យអ៊ីរ៉ង់ ដែលដ្រូនទាំងនោះត្រូវបានប្រើប្រាស់ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយប្រទេសរុស្សីផង។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលអាមេរិក បានធ្វើការចោទប្រកាន់ក្រុមហ៊ុន និងបុគ្គលជនជាតិចិន ទាំងនោះ ថាបានសម្របសម្រួលដល់ប្រតិបត្តិការ ផលិតយន្តហោះដ្រូន ប្រភេទ Shahed-136របស់ក្រុមហ៊ុនអ៊ីរ៉ង់ដែលមានឈ្មោះថា HESAហើយផ្គត់ផ្គង់វាទៅឲ្យរដ្ឋាភិបាល ទីក្រុងមូស្គូ ទាំងដែល អ៊ីរ៉ង់ តែងតែបានបដិសេធ នូវការចោទប្រកាន់នេះ។

អ៊ីរ៉ង់បានបញ្ជាក់ដែរថា អ៊ីរ៉ង់នឹងមិនធ្វើសកម្មភាព ដូចទៅនឹងលោកខាងលិចឡើយ ក្នុងការផ្គត់ផ្គង់អាវុធទៅភាគីណាមួយ នៃជម្លោះ ខណៈដែលរុស្សីបានអះអាងដែរថា យន្តហោះដ្រូនដែលអាមេរិក បានចោទប្រកាន់នោះ គឺជាយន្តហោះដ្រូន ដែលផលិតនៅក្នុងប្រទេស ខ្លួនឯងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top