ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “ប្រទេសចិនតែងតែប្រកាន់យកគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន អ្វីទាំងអស់ដែលចិនបានធ្វើ គឺដើម្បីជំរុញកិច្ចពិភាក្សាដើម្បីសន្តិភាព”។
ចិនតែងតែឈរនៅខាងសន្តិភាព និងការសន្ទនា និងនៅខាងស្ដាំ នៃប្រវត្តិសាស្ត្រ។ លោកបានលើកឡើងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា នៅក្នុងការដោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន។

លោកបានបន្ដថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធ ដល់សមរភូមិអ៊ុយក្រែន” ដោយជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ការបន្ថែមប្រេងទៅក្នុងភ្លើង ហើយបញ្ឈប់ការបង្រៀន ការបង្ខិតបង្ខំ និងការគំរាម កំហែងដល់ប្រទេសដទៃទៀត។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ជាជាងធ្វើផ្ទុយពីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
