ព័ត៌មានអន្តរជាតិ

រុស្សីត្រៀមប្រើប្រាស់ លុយយ័ន ក្នុងការជួញ ដូរពាណិជ្ជកម្មអន្តរជាតិ

បរទេស ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានបង្កើន ការទូទាត់ជាលុយយ័ន ហើយសម្រាប់ការជួញដូរ ពាណិជ្ជកម្មបរទេស ក្រោយការប្រកាសឈប់ប្រើប្រាស់ លុយដុល្លារនិងលុយបរទេស មួយចំនួនផ្សេងទៀត។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោកប្រធានាធិបតី រុស្សី Vladimir Putin នៅអំឡុងពេលនៃដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping នៅក្នុងទីក្រុងមូស្គូរយៈពេល៣ថ្ងៃ ។

លោកប្រធានាធិបតី រុស្សីបានបញ្ជាក់ថា ៖ ពួកយើងនឹងប្រើប្រាស់លុយយ័ន ដើម្បីធ្វើការទូទាត់គ្នានិង ជាមួយនឹងបណ្តាប្រទេសនៅអាស៊ី ព្រមទាំងអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ ។ ខ្ញុំជឿជាក់ថាទំរង់នៃការទូទាត់លុយ ជាលុយយ័ននឹងអាចបង្កើនទំនាក់ទំនងជាដៃគូ រវាងរុស្សីនិងចិនកាន់តែប្រសើរឡើង ជាមួយនឹងបណ្តាដៃគូទី៣ របស់យើងទាំងអស់។

គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់បន្ថែម ដោយលោកប្រធានាធិបតីរុស្សី បានឲ្យដឹងទៀតដែរថា ២ភាគ៣ នៃពាណិជ្ជកម្មរវាងរដ្ឋាភិបាល ទីក្រុងមូស្គុនិងរដ្ឋាភិបាល ទីក្រុងប៉េកាំងបច្ចុប្បន្ន គឺប្រើប្រាស់ជាលុយយ័ន និងលុយរូបលរបស់រុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top