ព័ត៌មានអន្តរជាតិ

មេដឹកនាំមួយរូបនៅអាស៊ាន កាត់ផ្តាច់ទំនាក់ទំនងជាមួយ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានផ្តាច់ទំនាក់ទំនងរបស់រដ្ឋាភិបាល របស់លោកជាមួយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីសាលាក្តីនេះបានច្រានចោល ការអំពាវនាវឱ្យបញ្ឈប់ការស៊ើបអង្កេត លើការបង្រ្កាបដ៏បង្ហូរឈាមរបស់អ្នកកាន់តំណែង មុនរបស់លោកលើអ្នកជួញដូរគ្រឿងញៀន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅទីក្រុងម៉ានីលថា “នោះបញ្ចប់ការចូលរួមរបស់ យើងទាំងអស់ជាមួយ ICC” ។ “នៅពេលនេះ យើងបានផ្តាច់ចេញពី ទំនាក់ទំនងណាមួយ ។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពី តុលាការ ICC ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេកាលពីសប្តាហ៍មុន បានបដិសេធសំណើរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការទម្លាក់ការស៊ើបអង្កេត របស់ខ្លួនអំពីការប្រហារជីវិត និងការលាក់បាំងរបស់ប៉ូលីស ក្នុងអំឡុងពេលសង្គ្រាមគ្រឿងញៀន ដែលបានចាប់ផ្តើមដោយអតីតប្រធានាធិបតី Rodrigo Duterte ។ តុលាការបានបើកការស៊ើបអង្កេត ឡើងវិញក្នុងខែមករា បន្ទាប់ពីបានផ្អាកនៅឆ្នាំ ២០២១ តាមសំណើរបស់ទីក្រុងម៉ានីល ដែលបានអះអាងថា នឹងធ្វើការស៊ើបអង្កេតដោយខ្លួនឯង។

លោក Marcos បាននិយាយថា “យើងមិនអាចសហការជាមួយ ICC ដោយពិចារណាលើសំណួរ ដ៏ធ្ងន់ធ្ងរអំពីយុត្តាធិការរបស់ពួកគេ និងអំពីអ្វីដែលយើងចាត់ទុកថា ជាការជ្រៀតជ្រែក និងវាយប្រហារលើ អធិបតេយ្យភាពនៃសាធារណរដ្ឋ”។

លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន បានដកហ្វីលីពីនចេញពីសន្ធិសញ្ញា ICC ក្នុងឆ្នាំ ២០១៨។ កូនស្រីរបស់លោកឈ្មោះ Sara Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីរបស់ប្រទេស គឺជាមិត្តរួមដំណែងរបស់ លោក Marcos នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ លោក Marcos ដែលជាកូនប្រុសរបស់ អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន Ferdinand Marcos បានឡើងកាន់អំណាចក្នុងជ័យជម្នះ ភ្លូកទឹកភ្លូកដីកាលពីខែឧសភាឆ្នាំមុន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top