ព័ត៌មានអន្តរជាតិ

សមាជិកសភាអាល្លឺម៉ង់ ថា កងទ័ពអាមេរិក គួរតែចាកចេញពីអាល្លឺម៉ង់

បរទេស៖ លោកស្រី Sevim Dagdelen អនុប្រធានគណបក្សឆ្វេងនិយម នៅសភាសហព័ន្ធ Bundestag បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងត្រូវតែបញ្ឈប់ជាមួយនឹង “ទំនាក់ទំនងនៃការអនុគ្រោះយ៉ាងខ្លាំង” ដែលមានស្រាប់ជាមួយអាមេរិក និងគោលនយោបាយការបរទេសរបស់ខ្លួន “ដែលត្រូវបានសម្គាល់ដោយការរំលោភច្បាប់អន្តរជាតិ” ។ សមាជិកសភារូបនេះបានទទូចថា ប្រទេសអាល្លឺម៉ង់ត្រូវតែទាមទារឱ្យដកកងកម្លាំងអាមេរិក ដែលឈរជើងនៅលើទឹកដីរបស់ខ្លួន រួមជាមួយនឹងអាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Dagdelen បាននិយាយនៅក្នុងព្រឹត្តិការណ៍សភាដែលប្រារព្ធខួបលើកទី៧៥ នៃផែនការ Marshall ថា “បន្ទាប់ពី ៧៨ ឆ្នាំ នៅពេលនេះវាដល់ពេលដែលទាហានអាមេរិក ត្រូវត្រឡប់ទៅផ្ទះវិញហើយ” ។ សមាជិកសភាដែលជាសមាជិក គណៈកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយថា មូលដ្ឋានយោធាអាមេរិកធ្វើសកម្មភាព “ដូចជាតំបន់ក្រៅភពដែលរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ មិនអនុវត្ត” ។

លោកស្រី Dagdelen បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានរបស់ខ្លួននៅលើទឹកដីអាល្លឺម៉ង់ដើម្បីធ្វើសង្គ្រាមនៅបរទេស និងចាប់ផ្តើម “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ខ្លាំងក្លា” ដោយបន្ថែមថាសកម្មភាពមួយចំនួននេះគឺ “បំពានច្បាប់អន្តរជាតិ” ។

លោកស្រី Sevim Dagdelen ក៏បានរិះគន់កិច្ចប្រជុំរបស់អង្គការណាតូជាទៀងទាត់នៅឯមូលដ្ឋាន Ramstein របស់អាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលជំនួយយោធាដល់ទីក្រុងគៀវត្រូវបានពិភាក្សា៕

To Top