ព័ត៌មានអន្តរជាតិ

ទំនាក់ទំនង​រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបន្តទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងមានឥទ្ធិពលវិជ្ជមានទៅលើសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

ធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានលើកដំបូង របស់គាត់ក្នុងឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន លោក Nasser Kanaani បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើឱ្យទំនាក់ទំនង មានលក្ខណៈធម្មតាបានជួប ជាមួយនឹងប្រតិកម្មវិជ្ជមានខ្លាំង នៅក្នុងតំបន់ ហើយត្រូវបានស្វាគមន៍នៅកម្រិតអន្តរជាតិ។

លោក Kanaani បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ ពិតជាមានឥទ្ធិពលវិជ្ជមានទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចមិនត្រឹមតែរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ថែមទាំងជាមួយប្រទេស ក្នុងតំបន់ផ្សេងទៀតផងដែរ។

ទន្ទឹមនឹងនេះ លោកបានលើកឡើងថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងផ្លាស់ប្តូរឯកអគ្គរដ្ឋទូតបន្ទាប់ពី ការបើកបេសកកម្មការទូតរបស់ពួកគេឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី១០ ខែមីនាថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ដែលរួមមានកិច្ចព្រមព្រៀង ដើម្បីបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្មការទូតឡើងវិញ ក្នុងរយៈពេលពីរខែ។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសពីការបន្តទំនាក់ទំនងការទូតឡើងវិញ ដោយមានប្រសិទ្ធិភាពភ្លាមៗ។

អារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៦ ជាការឆ្លើយតបទៅនឹង ការវាយប្រហារទៅលើបេសកកម្មការទូត របស់អារ៉ាប៊ីសាអូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្រនេះ បានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top