ព័ត៌មានអន្តរជាតិ

ទំនាក់ទំនង តំបន់មជ្ឈិមបូព៌ាដ៏រឹងមាំ បង្ហាញពីការផ្លាស់ប្តូរ លំដាប់ថ្នាក់តំបន់

គ៊ែរ៖ ក្នុងអំឡុងពេលទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១១ ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគេកំពុងចាត់វិធានការ ដើម្បីបើកស្ថានទូតឡើងវិញ និងចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍ ដែលជាព្រឹត្តិការណ៍ផ្សះផ្សាជាច្រើន នៅមជ្ឈិមបូព៌ាខាងកើតនាពេលថ្មីៗនេះ។

ឆ្នាំ២០២៣ បានមើលឃើញពីទំនាក់ទំនង ដ៏រឹងមាំក្នុងតំបន់នៅមជ្ឈិមបូព៌ា។ ជំហានផ្សះផ្សាត្រូវបានធ្វើឡើងម្តងមួយៗ ដើម្បីបំបែកភាពជាប់គាំងការទូត និងបញ្ចប់ជម្លោះលើបញ្ហាចំណុចក្តៅមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជម្លោះ ដែលបំផ្លិចបំផ្លាញ។

សម្របសម្រួលដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កាលពីថ្ងៃទី១០ ខែមីនាបានព្រមព្រៀងគ្នាក្នុងការ បន្តទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្មឡើងវិញក្នុងរយៈពេលពីរខែ ជិតប្រាំពីរឆ្នាំបន្ទាប់ពីទីក្រុងរីយ៉ាដ បានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ២០១៦។

បន្ទាប់មកនៅក្នុងកិច្ចប្រជុំ នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៦ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian និងសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម មួយដោយប្រកាសពីការបន្តទំនាក់ទំនង ការទូតឡើងវិញដោយមានប្រសិទ្ធិភាពភ្លាមៗ។

អ៊ីរ៉ង់ក៏បានបញ្ជាក់ជាផ្លូវការកាលពីដើមខែមេសាថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានទទួលយកការអញ្ជើញ របស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman Al Saud ដើម្បីបំពេញទស្សនកិច្ចនៅទីក្រុងរីយ៉ាដ ហើយថ្មីៗនេះ ភាគីទាំងពីរបានបញ្ជូនក្រុមបច្ចេកទេស ទៅពិនិត្យការបើកស្ថានទូត និងស្ថានកុងស៊ុលឡើងវិញផងដែរ។

ក្រៅពី​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ យេម៉ែន ក៏​បាន​មើល​ឃើញ​វឌ្ឍនភាព​ ក្នុង​ដំណើរការ​សន្តិភាព​របស់​ខ្លួន​ដែរ។ ភាគីសង្រ្គាមរបស់យេម៉ែន បានចាប់ផ្តើមការផ្លាស់ប្តូររយៈពេលបីថ្ងៃ នៃអ្នកជាប់ឃុំឃាំងជាង ៨៨០នាក់កាលពីថ្ងៃសុក្រ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅ រកសន្តិភាពនៅក្នុងប្រទេសអារ៉ាប់ ដែលហែកហួរដោយសង្រ្គាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top