អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសថា កងកម្លាំងតួកគីបានសម្លាប់មេដឹកនាំ ដែលសង្ស័យជាក្រុមរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសស៊ីរី ។
លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា បានចូលកាន់កាប់ក្រុមនេះ បន្ទាប់ពីអ្នកកាន់តំណែងមុន របស់គាត់ត្រូវបានគេសម្លាប់កាលពី រដូវស្លឹកឈើជ្រុះនាពេលកន្លងទៅនេះ ។
លោក Erdogan បានប្រាប់ដល់ទូរទស្សន៍ TRT Turk ថា មេដឹកនាំក្រុមរដ្ឋឥស្លាម (IS) ត្រូវបាន “សម្លាប់” នៅក្នុងប្រតិបត្តិការដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ MIT របស់ប្រទេសតួកគីកាលពីថ្ងៃសៅរ៍ ។
គិតមកទល់ពេលនេះក្រុម IS មិនទាន់បានធ្វើអត្ថាធិប្បាយ លើប្រតិបត្តិការដែលបានរាយការណ៍នោះទេ ។
ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវការអះអាងរបស់ប្រធានាធិបតី Erdogan បានឡើយ ។
លោក Erdogan បានថ្លែងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MIT បានតាមដាន លោក Qurayshi អស់រយៈពេលជាយូរមកហើយ ។
លោកបានថ្លែងទៀតថា “យើងនឹងបន្តការតស៊ូរបស់យើង ជាមួយអង្គការប្រឆាំងអំពើភេរវករ ដោយគ្មានការរើសអើងណាមួយឡើយ” លោកបានលើកឡើងយ៉ាងដូច្នេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា