ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេបង្អស់ដែលអនុម័ត លើវ៉ាក់សាំងការពាររោគផ្លូវដង្ហើម RSV

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធសហរដ្ឋអាមេរិក បានអនុម័តវ៉ាក់សាំងដំបូងបង្អស់របស់ពិភពលោកសម្រាប់មេរោគផ្លូវដង្ហើម Syncytial Virus ហៅកាត់ថា(RSV) ដែលជាចំណុចកំពូលនៃការប្រមាញ់អស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីការពារជនងាយរងគ្រោះពីជំងឺធម្មតា ។

ថ្នាំ Arexvy របស់ក្រុមហ៊ុនផលិតឱសថ GSK ត្រូវបានបើកភ្លើងពណ៌បៃតងឲ្យប្រើប្រាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលស្រដៀងគ្នាពីអ្នកផលិតផ្សេងទៀតរួមមានក្រុមហ៊ុន Pfizer និង Moderna រំពឹងថា នឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះ ។

លោក Peter Marks មន្ត្រីជាន់ខ្ពស់មកពីក្រសួងចំណីអាហារ និងឪសថអាមេរិក ហៅកាត់ថា (FDA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអនុម័តនៅថ្ងៃនេះនៃវ៉ាក់សាំង RSV ដំបូងគឺជាសមិទ្ធផលសុខភាពសាធារណៈដ៏សំខាន់មួយក្នុងការទប់ស្កាត់ជំងឺដែលអាចគំរាមកំហែងដល់អាយុជីវិត” ។

ការសម្រេចចិត្តនេះ “ជាចំណុចរបត់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីកាត់បន្ថយបន្ទុកដ៏សំខាន់នៃ RSV” លោក Tony Wood ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន GSK បានថ្លែងដូច្នេះ ។

RSV គឺជាមេរោគទូទៅដែលជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាស្រាល និងដូចជា ផ្តាសាយ ប៉ុន្តែអាចធ្ងន់ធ្ងរសម្រាប់ទារក និងមនុស្សចាស់ ក៏ដូចជាអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងលក្ខខណ្ឌមូលដ្ឋាន ។

ក្នុងករណីធ្ងន់ធ្ងរ វាអាចបង្កឱ្យមានជំងឺរលាកសួត និងរលាកទងសួត ដែលជាការរលាកនៃផ្លូវដង្ហើមតូចដែលជ្រៅនៅក្នុងសួត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top