ព័ត៌មានអន្តរជាតិ

កាណាដា បណ្តេញមន្រ្តីទូត របស់ចិនម្នាក់ ចេញពីប្រទេស ហើយថា មន្ត្រីកុងស៊ុលចិនរូបនេះ នឹងមិនត្រូវស្វាគមន៍នៅក្នុងប្រទេសនេះទៀតទេ

បរទេស ៖ ប្រទេសកាណាដា បានបណ្តេញអ្នកការទូតចិនម្នាក់ ដែលខ្លួនបានចោទប្រកាន់ថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងអូតាវ៉ា ដោយប្រកាសជាផ្លូវការថា “បុគ្គលដែលត្រូវស្វាគមន៍” ខណៈដែលទីក្រុងប៉េកាំងវិញ បានប្តេជ្ញាឆ្លើយតបជាមួយនឹង “វិធានការតបតយ៉ាងម៉ឺងម៉ាត់” ទៅវិញផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសពីការបណ្តេញ មន្រ្តីការទូតចិននេះកាលពីថ្ងៃចន្ទដោយនិយាយថា មន្ត្រីកុងស៊ុលចិន លោក Zhao Wei នឹងមិនត្រូវស្វាគមន៍ នៅក្នុងប្រទេសនេះទៀតទេ ។

លោកស្រីបាននិយាយថា “យើងនឹងមិនអត់ឱនចំពោះទម្រង់ណាមួយនៃការជ្រៀតជ្រែករបស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើងទេ” ដោយបន្ថែមថា “អ្នកការទូតនៅប្រទេសកាណាដាត្រូវបានព្រមានថា ប្រសិនបើពួកគេចូលរួមក្នុងអាកប្បកិរិយាបែបនេះ ពួកគេនឹងត្រូវបញ្ជូនទៅផ្ទះវិញ” ដូចគ្នា។

ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកាណាដា បានរាយការណ៍ថា លោក Zhao បានស្វែងរកព័ត៌មាន អំពីសមាជិកសភា អភិរក្សនិយម Michael Chong និងសាច់ញាតិរបស់គាត់ដែលប្រហែលជារស់នៅក្នុងប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បានរាយការណ៍ថា ចង់ “ធ្វើជាគំរូ” ពីគាត់ចំពោះការរិះគន់ របស់គាត់ចំពោះរដ្ឋាភិបាលចិន ។

ស្ថានទូតចិននៅទីក្រុងអូតាវ៉ា ក្រោយមកបានថ្កោលទោស ការបណ្តេញចេញនេះ ដោយទទូចថា ការចោទប្រកាន់លើលោក Zhao គឺ ធ្វើឡើងដោយ “គ្មានមូលដ្ឋានទាល់តែសោះ” ហើយថាទីក្រុងប៉េកាំង “មិនដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃឡើយ”៕

To Top