ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ​ព្រមាន​ពី​វិបត្តិ​មនុស្សធម៌ និងទាមទារ​ឲ្យ​អ៊ីស្រាអែល​ ទទួលខុសត្រូវ ​ចំពោះ​ភាព​តានតឹង​បច្ចុប្បន្ន

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចាត់ទុកអ៊ីស្រាអែល “ជាអ្នកទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់” សម្រាប់ភាពតានតឹងដ៏ហឹង្សា ជាមួយក្រុមយោធាប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយព្រមានថា ការបិទចំណុចឆ្លងកាត់នៅតាមព្រំដែន នឹងនាំឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ សម្រាប់គោលបំណងពាណិជ្ជកម្ម និងមនុស្សធម៌នៅតាមព្រំដែន នៃតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល ៥ថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាត អ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីនបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល “បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់ ព្រោះវាទទូចឱ្យបន្តការសម្លាប់ប៉ាឡេស្ទីនប្រចាំថ្ងៃ និងការបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ” ។

លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៣៣ នាក់បានស្លាប់ និង ១៤៧ នាក់បានរងរបួស ក្នុងនោះមានកុមារ ៤៨ នាក់ និងស្ត្រី ២៣ នាក់ ចាប់តាំងពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារ។

លោកបានសង្កត់ធ្ងន់ថា “ការបិទប្រទេសអ៊ីស្រាអែល បានដកហូតអ្នកជំងឺចំនួន ៤៣២ នាក់ក្នុងការចូលទៅកាន់មន្ទីរពេទ្យឯកទេសនៅ West Bank និង យេរ៉ូសាឡឹម ដើម្បីទទួលការព្យាបាល ដែលធ្វើអោយស្ថានភាពសុខភាព របស់អ្នកជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរ ដែលសុទ្ធតែមានដុំសាច់ ឬទទួលរងពីជំងឺបេះដូង” ។

លោកបានបន្ថែមថា ក្រសួងសុខាភិបាល នៅតែផ្តល់សេវារបស់ខ្លួនដល់អ្នករបួស និងឈឺទាំងអស់ ហើយបានធ្វើការអំពាវនាវដល់ស្ថាប័នវេជ្ជសាស្ត្រ និងសិទ្ធិមនុស្សអន្តរជាតិ ឱ្យដាក់សម្ពាធលើអាជ្ញាធរអ៊ីស្រាអែល ដើម្បីសម្រួលដល់ការមកដល់នៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដល់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប។

អាជ្ញាធរថាមពល និងធនធានធម្មជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសជាផ្លូវការថា ឱនភាពថាមពលនៅក្នុងតំបន់ឆ្នេរ ដែលជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនជាង ២,៥លាននាក់ “បានឈានដល់ ៥២ភាគរយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top