ព័ត៌មានអន្តរជាតិ

Update: មេដឹកនាំបក្សភឿថៃ សន្យាជួយមេដឹកនាំបក្ស Move Forward ឱ្យទទួលបានសំឡេង ៣៧៦ ដើម្បីឡើងធ្វើនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ

បរទេស៖ មេដឹកនាំគណបក្សភឿថៃលោក ចូលណាន់ ស្រីកែវ (Cholnan Srikaew) នៅថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថា គណបក្សរបស់លោកនឹងបញ្ចុះបញ្ចូលឱ្យមានការគាំទ្រពីសមាជិកសភាចំនួន ៣៧៦ ដើម្បីជ្រើសរើសមេដឹកនាំគណបក្ស Move Forward លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ចូលណាន់ បានធ្វើការសន្យានៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែលធ្វើឡើងដោយគណបក្សចំនួន ៨ ដើម្បីប្រកាសរដ្ឋាភិបាលចម្រុះដែលមានសមាជិកសភាចំនួន ៣១៣ នាក់ដឹកនាំដោយគណបក្ស Move Forward ។

លោកបានលើកឡោះងថា “ខ្ញុំសូមបញ្ជាក់ថា យើងនឹងបញ្ចប់បេសកកម្ម ដើម្បីឲ្យលោក ពីតា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។ យើងនឹងជំរុញឲ្យមាន ៣៧៦ សំឡេងក្នុងសភា»។

លោកបន្ថែមថា «ជំនួសឲ្យការទុកឲ្យភាគីណាមួយ យើងត្រូវតែជួយគ្នាបង្កើតរដ្ឋាភិបាល និងជ្រើសរើសនាយករដ្ឋមន្ត្រីរបស់ប្រជាជន»។

ដើម្បីជាប់ឆ្នោត បេក្ខជននាយករដ្ឋមន្ត្រីត្រូវការសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតដោយសមាជិកសភាចំនួន ៥០០ និងសមាជិកព្រឹទ្ធសភា ២៥០ រូប ដែលជាអ្នកគាំទ្រយោធា។

លោក ចូលណាន់ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសណ្ឋាគារ អូគូរ៉ា ប្រេះស្ទីក ក្នុងទីក្រុងបាងកក ជាកន្លែងដែលលោក, លោក ពីតា និងមេដឹកនាំនៃគណបក្សចំនួនប្រាំមួយផ្សេងទៀតបានប្រកាសពីសម្ព័ន្ធភាពរបស់ពួកគេ។ គណបក្សចំនួនប្រាំមួយផ្សេងទៀតមានគណបក្ស ប្រាឆាឆាត់, គណបក្ស ថៃសាងថៃ, សេរីរួមថៃ, គណបក្ស យុត្តិធម៌, គណបក្ស ផ្លុងស៊ុងកុមម៉ៃ, បក្សភឿថៃ និងគណបក្ស រួមផាឡាង៕ប្រែសម្រួលៈ ណៃ តុលា

To Top