ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ចេញទិន្នន័យក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីដាក់សម្ពាធ លើរុស្ស៊ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៤១៩គ្រាប់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ខណៈដែលខ្លួនបានជំរុញឱ្យរុស្ស៊ីបញ្ចេញទិន្នន័យរបស់ខ្លួនវិញ ដើម្បីប្រៀបធៀបគ្នា។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងបញ្ចេញព័ត៌មានជាសាធារណៈ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញា New START ដែលហាក់ដូចជាបញ្ច្រាសការសម្រេចចិត្តពីមុនមក ដែលមិនព្រមចែករំលែកទិន្នន័យបែបនេះ។

អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “សហរដ្ឋអាមេរិក បន្តចាត់ទុកតម្លាភាពក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការកាត់បន្ថយលទ្ធភាពនៃការយល់ច្រឡំ ការគណនាខុស និងការប្រកួតប្រជែងអាវុធបែបនេះ” ។

សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីចូលជាធរមានក្នុងឆ្នាំ ២០១១ ហើយត្រូវបានបន្តរយៈពេល ៥ឆ្នាំទៀតនៅឆ្នាំ ២០២១។វាកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាមេរិក និងរុស្ស៊ី អាចដាក់ពង្រាយ ក៏ដូចជាការដាក់ពង្រាយមីស៊ីលលើគោក និងនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក។

ប៉ុន្តែនៅក្នុងខែកុម្ភៈឆ្នាំនេះ ចំពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនខ្លាំង ចាប់តាំងពីការលុកលុយយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកកំពុងផ្អាកការចូលរួមរបស់រុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងនេះ។

សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងមូស្គូ មិនបានបញ្ចេញព័ត៌មានណាមួយនៅក្នុងខែមីនា ហើយកំពុង “មិនអនុវត្តបទប្បញ្ញត្តិសំខាន់ៗផ្សេងទៀតនៃសន្ធិសញ្ញា” ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានបន្ថែមថា “សហរដ្ឋអាមេរិក អំពាវនាវឱ្យសហព័ន្ធរុស្ស៊ី គោរពតាមកាតព្វកិច្ចស្របច្បាប់របស់ខ្លួន ដោយត្រឡប់ទៅការអនុវត្តពេញលេញនៃសន្ធិសញ្ញា New START និងវិធានការស្ថេរភាព និងតម្លាភាពទាំងអស់ដែលមាននៅក្នុងវា” ។

តួលេខចុងក្រោយបង្ហាញថា ក៏ដូចជាក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ សហរដ្ឋអាមេរិក មានមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួន ៦៦២គ្រាប់ មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBMs) និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់រាប់រយទៀត៕ប្រែសម្រួល ឈូក បូរ៉ា

To Top