ព័ត៌មានអន្តរជាតិ

រុស្សី ចាប់ផ្តើមចល័តអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសជិតខាងអ៊ុយក្រែនហើយ

គៀវ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសបេឡារុស្ស ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ៦៧៤ ម៉ាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

សេចក្តីប្រកាសរបស់លោក Lukashenko ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានជួបប្រជុំគ្នានៅមុនថ្ងៃជាមួយរដ្ឋមន្ត្រីការពារជាតិបេឡារុស្សលោក Viktor Khrenin ក្នុងទីក្រុងមីនស៍ ដើម្បីចុះហត្ថលេខាលើឯកសារ ស្តីពីការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស។

យោងតាមកិច្ចព្រមព្រៀង វិមានក្រឹមឡាំង នឹងនៅតែគ្រប់គ្រងលើអ្វីដែលរុស្ស៊ី រាយការណ៍ថា ជាអាវុធមិនយុទ្ធសាស្ត្រ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាជាសាធារណៈលើកដំបូងនៅក្នុងខែមីនា អំពីការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ដែលក៏មានព្រំប្រទល់ជាមួយប្រទេសចំនួន៣ របស់ណាតូផងដែរ គឺឡាតវី លីទុយអានី និងប៉ូឡូញ។

លោក Lukashenko គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក ពូទីន យូរមកហើយ ហើយមេដឹកនាំរុស្ស៊ី បានប្រើប្រាស់ប្រទេសបេឡារុសជាកន្លែងចាប់ផ្តើម សង្រ្គាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់លោកពូទីន ដើម្បីវាយដណ្តើមយកទីក្រុងគៀវ។

ទោះបីជាវិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយអំពីថាតើអាវុធនុយក្លេអ៊ែរ បានមកដល់ប្រទេសបេឡារុស្ស ហើយឬក៏អត់ក៏ដោយ លោក Lukashenko បានប្រាប់អ្នកសារព័ត៌មានថា “ការផ្ទេរអាវុធនុយក្លេអ៊ែរបានចាប់ផ្តើមហើយ” នេះបើយោងតាមសារព័ត៌មានរដ្ឋបេឡារុស្ស BelTA ។

ប្រភពព័ត៌មានពី BelTA បានរាយការណ៍ថា លោក Lukashenko បានលើកឡើងថា ប្រទេសរបស់លោកត្រូវតែ “រៀបចំកន្លែងផ្ទុកអាវុធ” ហើយបានបញ្ជាក់ថាការងារនេះត្រូវបានបញ្ចប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Tass លោក Lukashenko ក៏បានធានាផងដែរថា អាវុធ នឹងមានសុវត្ថិភាពនៅក្នុងប្រទេសរបស់លោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top