បរទេស៖ អគ្គរដ្ឋទូតរុស្សី ប្រចាំនៅប្រទេសអង់គ្លេសលោក Andrey Kelin កាលពីថ្ងៃចុងសប្តាហ៍ម្សិលមិញនេះបានលើកឡើងថាលទ្ធផលយ៉ាងណានៃជម្លោះ នៅប្រទេសអ៊ុយក្រែន គឺវាអាស្រ័យទៅ នឹងកម្រិតនៃការខិតខំប្រឹងប្រែងរបស់ណាតូដើម្បីផ្គត់ផ្គង់អាវុធ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវប៉ុណ្ណោះ។
ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ BBC លោកបានឆ្លើយតបទៅនឹងសំណួរថា តើនឹងត្រូវការពេលវេលាប៉ុន្មាន ដើម្បីអាចបញ្ឈប់ការវាយប្រហារដាក់គ្នានោះលោក Kelin បាននិយាយថាវាគឺអាស្រ័យ ទៅនឹងការបង្កហេតុសង្គ្រាម ដោយអង្គការណាតូនិងសម្ព័ន្ធមិត្តប៉ុណ្ណោះ ជាពិសេសក៏មានអង់គ្លេសផងដែរ។
បេសកជនរូបនេះក៏បានបន្តនិយាយទៀតថា វាជាកំហុសឆ្គងដ៏ធំមួយដែលពួកគេបានគិតថាអ៊ុយក្រែន អាចយកឈ្នះ ពីព្រោះថារុស្ស៊ីមានទំហំធំជាងអ៊ុយក្រែនដល់ទៅ១៦ ដង និងមានធនធានដ៏ធំសម្បើមខុស គ្នាឆ្ងាយណាស់ហើយជាពិសេសមកដល់ពេលនេះរុស្សី នៅមិនទាន់បានបើកប្រតិបត្តិការខ្លាំង ក្លានៅឡើយចំពោះអ៊ុយក្រែន។
ទោះជាយ៉ាងណា លោកមិនបានធ្វើការច្រានចោលទេថា ជម្លោះរវាងអ៊ុយក្រែន នឹងអាចត្រូវបានដោះស្រាយតាមផ្លូវការទូត ដោយលោកបានពន្យល់ថា ភាគីទាំងពីរនឹងអាចបង្កើតសន្តិភាពនៅថ្ងៃស្អែក ភ្លាមប្រសិនបើមានការប្តេជ្ញាចិត្តរៀងខ្លួន៕
ប្រែសម្រួល៖ស៊ុនលី