ព័ត៌មានអន្តរជាតិ

លោក Mike Pence ត្រៀមប្រជែងយកតំណែង ប្រធានាធិបតីអាមេរិក ជាមួយលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនូវយុទ្ធនាការប្រធានាធិបតីរបស់លោក នៅដើមខែមិថុនា ដោយដាក់លោកឱ្យប្រកួតប្រជែងជាមួយចៅហ្វាយចាស់របស់លោក គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

កាលពីថ្ងៃពុធ សារព័ត៌មានអាមេរិក រួមទាំងសារព័ត៌មាន The Associated Press បានរាយការណ៍ថា លោក Mike Pence នឹងចាប់ផ្តើមការយុទ្ធនាការរបស់លោក សម្រាប់សេតវិមាននៅថ្ងៃទី០៧ ខែមិថុនា ក្នុងរដ្ឋ Iowa ដោយដកស្រង់ប្រភព ដែលដឹងពីផែនការរបស់លោក។

ខណៈពេលដែលលោក Mike Pence បានសរសើរការងាររបស់លោកនៅក្នុងរដ្ឋបាល ត្រាំ លោកមានទំនាក់ទំនងមិនល្អជាមួយ លោក ត្រាំ ខ្លួនឯង។ លោក Mike Pence បានសរសេរនៅក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា So Help Me God ថា “អស់រយៈពេល ៤ឆ្នាំ យើងមានទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធ វាមិនបានបញ្ចប់បានល្អនោះទេ”។

លោក Mike Pence បានរិះគន់លោក ត្រាំ ចំពោះវោហាសាស្ត្ររបស់លោក នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅពេលដែលហ្វូងអ្នកគាំទ្រ ត្រាំ បានសម្រុកចូលវិមានកាពីតូល របស់សហរដ្ឋអាមេរិក ក្នុងការប៉ុនប៉ងផ្តួលរំលំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

គណៈកម្មាធិការសភាដែលស៊ើបអង្កេតកុប្បកម្មនេះបានឲ្យដឹងថា ខ្លួនបានឮសក្ខីកម្មថា លោក ត្រាំ បានបញ្ចេញមតិដោយយល់ព្រមនៅពេល ដែលសមាជិកនៃហ្វូងមនុស្សបានអំពាវនាវឱ្យដាក់ទោសលោក Mike Pence ចំពោះការបដិសេធមិនព្រមធ្វើតាមគម្រោង ដើម្បីបដិសេធការបោះឆ្នោតរបស់ Electoral College ។

ចាប់តាំងពីពេលនោះមក លោក Mike Pence បានថ្កោលទោសវោហាសាស្ត្ររបស់លោក ត្រាំ ថាជា “មិនប្រុងប្រយ័ត្ន” ហើយបានលើកឡើងថា “ប្រវត្តិសាស្រ្តនឹងវិនិច្ឆ័យ” អតីតប្រធានាធិបតី៕ប្រែសម្រួល ឈូក បូរ៉ា

To Top