ព័ត៌មានអន្តរជាតិ

ទូតជប៉ុន ៖ ការបញ្ជូនអាជ្ញាកណ្ដាលជប៉ុន មកកាន់ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនៅកម្ពុជា គឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់ជប៉ុន

ភ្នំពេញ ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចបញ្ជូនអាជ្ញាកណ្ដាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានាពេលនេះ គឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន អាចចូលរួមចំណែក ក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា​ក្រុម​អាជ្ញាកណ្តាលជប៉ុនប្រមាណជា ៣៦រូប ដើម្បីការប្រកួតកីឡាចំនួន ៤មុខវិជ្ជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេមនៅកម្ពុជា រួមមាន៖ កីឡាអត្តពលិកម្ម ហែលទឹក បាលបោះជិះរទះ និងលើកទម្ងន់។

ក្នុងពិធីជប់លៀងជួបជុំស្វាគមន៍អាជ្ញាកណ្ដាលជនជាតិជប៉ុន ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើក១២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរំលឹកថា ការសម្រេចបញ្ជូនអាជ្ញាកណ្តាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូល ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី គឺស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។

លោកទូត គូសបញ្ជាក់ថា «នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន ដែលអាចចូលរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយប្រើប្រាស់បទពិសោធន៍ដែលទទួលបានពីការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២១។ខ្ញុំសង្ឃឹមថា អាជ្ញាកណ្តាលនឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មពេញលេញ ដោយប្រើបទពិសោធន៍របស់ខ្លួនក្នុងប្រទេសជប៉ុន»។

លោកទូត បន្ដថា កិច្ចសហប្រតិបត្តិការស្ដីពី ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកនេះ បានបើកនូវវិស័យថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ជប៉ុន និងកម្ពុជា ហើយក៏ជាឆ្នាំដ៏គួរឱ្យចងចាំមួយទៀត ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានតម្លើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ»។ ការបញ្ជូនអាជ្ញាកណ្តាលពីប្រទេសជប៉ុនមកចូលរួមព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកនេះ ក៏ត្រូវបានទទួលស្គាល់ជាកម្មវិធីមួយនៃការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា ក៏ដូចជាខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ផងដែរ។

នាឱកាសនោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នេះគឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាង កម្ពុជា-ជប៉ុន ក្រោយប្រទេសជប៉ុនបញ្ជូនអាជ្ញាកណ្ដាលរបស់ខ្លួន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជានាពេលនេះ ដើម្បីលើកកម្ពស់វិស័យកីឡាផងដែរ។

ដោយឡែក លោក WAKU TAKAHIRO អ្នកគ្រប់គ្រងផែនការទូទៅ នៃក្រុមប្រឹក្សាកីឡាជប៉ុន បានឱ្យដឹងថា លោក ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលអាចចូលរួមចំណែកដល់កម្ពុជា តាមរយៈការបញ្ចូនអាជ្ញាកណ្ដាល ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្ដូរ និងសហប្រតិបត្តិការអន្តរជាតិតាមរយៈកីឡា។ លោក បន្ដថា ក្រោមកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កិច្ចការនេះក៏ត្រូវបានទទួលស្គាល់ថា ជាគម្រោងមួយក្នុងចំណោមគម្រោងកម្មវិធីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងខួបលើកទី ៧០ នៃមិត្តភាពជប៉ុន-កម្ពុជា ផងដែរ៕

To Top