ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានចុះត្រួតពិនិត្យការងារក្នុង “ទីតាំងសម្គាល់តំណាងខាងវប្បធម៌” របស់ចិន តើបង្កប់នូវបំណងដ៏ជ្រាលជ្រៅបែបណា

ថ្ងៃទី១និងថ្ងៃទី២ខែមិថុនា លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិនបានចុះត្រួតពិនិត្យការងារក្នុង “ទីតាំងសម្គាល់តំណាងខាងវប្បធម៌” របស់ចិនចំនួន២កន្លែង ពោលគឺ បណ្ណសារជាតិនៃការបោះពុម្ពផ្សាយនិងវប្បធម៌ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រចិន ។បន្ទាប់មកលោកបានអញ្ជើញចូលរួមពិធីសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌ ហើយបានលើកឡើងជាលើកដំបូងអំពីការកសាងអរិយធម៌សម័យទំនើបប្រជាជាតិចិន។

*តើការចុះត្រួតពិនិត្យ “ទីតាំងសម្គាល់តំណាងខាងវប្បធម៌ ចំនួនពីរគឺក្នុងបំណងគិតគូរដ៏ជ្រាលជ្រៅបែបណា?

បណ្ណសារជាតិនៃការបោះពុម្ពផ្សាយនិងវប្បធម៌ចិនសំខាន់គឺតម្កល់ទុកនិងអភិរក្សសៀវភៅបុរាណអរិយធម៌ប្រជាជាតិចិនដ៏មានតម្លៃដែលបន្តពីជំនាន់មុនរហូតមក។ ការកសាង “ទីតាំងសម្គាល់វប្បធម៌” មួយនេះជាគម្រោងស្ថាបនាដែលអនុម័តផ្ទាល់ដោយលោក Xi Jinping ក្នុងបំណងបន្តវេនអរិយធម៌ដែលមិនបានកាត់ផ្តាច់តែមួយគត់លើពិភពលោក ហើយអាចទុកជាកេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយ។

ចំណែកវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រចិនផ្តោតសំខាន់លើការស្រាវជ្រាវនិងបកស្រាយនូវប្រភពអរិយធម៌ប្រជាជាតិចិន។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក Xi Jinping បានទៅពិនិត្យផ្ទាល់តាមទីតាំងសម្គាល់វប្បធម៌ជាច្រើនរបស់ប្រទេសចិន លោកធ្លាប់ពន្យល់ថា ៖ «ខ្ញុំគឺចង់ដឹងច្បាស់ថាតើពួកយើងមកពីណាហើយនឹងទៅដល់ទីណាទៀត។»

ក្នុងការត្រួតពិនិត្យលើកនេះលោក Xi Jinping បានលើកឡើងថា៖ «ក្នុងយុគសម័យឥឡូវរបស់ពួកយើង ប្រទេសជាតិរុងរឿង សង្គមមានសុវត្ថិភាពនិងស្ថិរភាព យើងមានឆន្ទៈនិងសមត្ថភាពបន្តវេន្តវប្បធម៌ជនជាតិ ហើយនឹងធ្វើកិច្ចការសំខាន់មួយនេះឱ្យល្អជាមិនខាន។ »  “យុគសម័យឥឡូវរបស់យើង”  ដែលលោកបានលើកឡើងគឺយុគសម័យថ្មីដែលប្រទេសចិនបានបើកដំណើរការបន្ទាប់ពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ន  ១០ឆ្នាំកន្លងមក ក្នុងប្រទេសចិនបានធ្វើកំណែទម្រង់ជាលក្ខណៈប្រវត្តិសាស្ត្រ បានសម្រេចភារកិច្ចជាប្រវត្តិសាស្ត្រពោលគឺចេញផុតពីភាពក្រីក្រខ្លាំងដោយគ្រប់ជ្រុងជ្រោយ  បានកសាងសង្គមដែលមានជីវិតធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ។ ចំណែក “កិច្ចការសំខាន់មួយនេះ” គឺការកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន។

*តើអរិយធម៌ទំនើបនិងអរិយធម៌ប្រជាជាតិចិនដែលបានបន្តរយៈពេល៥០០០ឆ្នាំមិនដែលផ្តាច់មានទំនាក់ទំនងយ៉ាងដូចម្តេច?

លោក Xi Jinping បានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្ស បន្តវេនធ្វើការច្នៃប្រឌិតថ្មីនិងអភិវឌ្ឍបន្តចំពោះវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ប្រជាជាតិចិន។លោកបានសម្គាល់ថា អរិយធម៌ចិនដែលបានបន្តជាង៥ពាន់ឆ្នាំគឺជា “ឫសគល់និងព្រលឹង” របស់ប្រជាជាតិចិន។

លោក Xi Jinping បានបូកសរុបសង្ខេបអំពីលក្ខណៈពិសេសនៃអរិយធម៌ប្រជាជាតិចិននិងឥទ្ធិពលចំពោះអរិយធម៌សម័យទំនើប។  អរិយធម៌ប្រជាជាតិចិនមានលក្ខណៈបន្តដ៏លេចធ្លោ  លក្ខណៈច្នៃប្រឌិតថ្មីដ៏លេចធ្លោ  និងលក្ខណៈបង្រួបបង្រួមដ៏លេចធ្លោ  ដែលបានសម្រេចថាវប្បធម៌គ្រប់ជនជាតិរបស់ប្រជាជាតិចិនគឺចុះសម្រុងគ្នា ហើយការបង្រួមជាតិជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិចិន។ អរិយធម៌ប្រជាជាតិចិនមានលក្ខណៈបរិយាប័ន្នដ៏លេចធ្លោ ដែលបានសម្រេចថាវប្បធម៌ប្រជាជាតិចិនគឺបើកទូលាយនិងប្រមូលផ្តុំចំពោះអរិយធម៌ពិភពលោក។ អរិយធម៌ប្រជាជាតិចិនមានលក្ខណៈសន្តិភាពដ៏លេចធ្លោ ដែលបានសម្រេចថាប្រទេសចិនដាច់ខាតមិនបង្ខំឱ្យភាគីដទៃផ្សេងទទួលយកទស្សនៈគំនិតអំពីគុណតម្លៃនិងយន្តការនយោបាយរបស់ខ្លួននោះទេ  ដែលបានសម្រេចថាប្រទេសចិនប្រកាន់ខ្ជាប់ធ្វើកិច្ចសហប្រតិបត្តិការ មិនធ្វើការប្រឈមមុខដាក់គ្នា។

*តើលោក Xi Jinping បានធ្វើការពន្យល់យ៉ាងណាចំពោះការកសាងអរិយធម៌ទំនើបប្រជាជាតិចិន?

លោក Xi Jinping បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់កមម្លាំងនៃសម័យឥឡូវដល់អរិយធម៌ប្រជាជាតិចិន  ហើយអរិយធម៌ប្រជាជាតិចិនបានផ្តល់មូលដ្ឋានដ៏ជ្រាលជ្រៅដល់ការធ្វើទំនើបកម្មតាមបែបផែនចិន។ ការកសាងអរិយធម៌ទំនើបប្រជាជាតិចិន ត្រូវប្រកាន់ខ្ជាប់ដើរតាមមាគ៌ារបស់ខ្លួន បើកទូលាយនិងបរិយាប័ន្ន ធ្វើការច្នៃប្រឌិតថ្មីដោយឈរលើការគោរពប្រពៃណី ដើម្បីបន្តប្រវត្តិសាស្ត្រវប្បធម៌ជនជាតិ ចារទំព័រថ្មីនៃសម័យបច្ចុប្បន្ន៕

To Top