គៀវ៖ ជំនួយការជិតស្និទ្ធបំផុត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន មិនទាន់ត្រៀមខ្លួន ជាស្រេច ក្នុងការបើកការវាយលុក ដែលរំពឹងទុកជាយូររបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នោះទេ ដោយផ្ទុយទៅនឹង សេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃតែមួយ។
លោកវេជ្ជបណ្ឌិត Ihor Zhovkva អនុប្រធានការិយាល័យរបស់លោក ហ្សេឡិនស្គី បានប្រាប់កាសែត The Sunday Times ថា “ប្រសិនបើអ្នកចង់ចាប់ផ្តើម ការវាយលុក ប្រកបដោយជោគជ័យ អ្នកត្រូវការអ្វីៗគ្រប់យ៉ាង តាមលទ្ធភាពរបស់អ្នក” ដោយបន្ថែមថា អ៊ុយក្រែន ត្រូវការរថក្រោះ រថពាសដែក និងកាំភ្លើងធំ “ដូច្នេះប្រហែលជាយើងមិនមានគ្រប់គ្រាន់នោះទេ” ។
កងកម្លាំងរុស្ស៊ី និងអ្នកវិភាគលោកខាងលិច បានរង់ចាំជាយូរមកហើយ សម្រាប់ការចាប់ផ្តើម នៃការវាយលុកដែលរំពឹងទុក របស់ទីក្រុងគៀវ ដើម្បីដណ្តើមយកទឹកដីរុស្ស៊ី ដែលបានកាន់កាប់ឡើងវិញ ដែលដើមឡើយត្រូវ បានគេរំពឹងថា នឹងធ្វើឡើងក្នុងអំឡុងនិទាឃរដូវ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែន បានឲ្យដឹងម្តងហើយម្តងទៀតថា ជោគជ័យនៃការវាយលុករបស់ពួកគេ គឺស្ថិតនៅលើការចែកចាយ អាវុធពីលោកខាងលិច ហើយមានការស្ទាក់ស្ទើរ ក្នុងការបញ្ចេញព័ត៌មាន លម្អិតអំពីប្រតិបត្តិការ ណាមួយ។
ទន្ទឹមនឹងនេះ លោក លោក ហ្សេឡិនស្គី បានលើកឡើងថា ទីក្រុងគៀវ ជឿជាក់យ៉ាងមុតមាំថា ការវាយលុកនឹងទទួលបានជោគជ័យ ដោយប្រាប់កាសែត Wall Street Journal ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ថា “យើងនឹងធ្វើវា ហើយយើងត្រៀមខ្លួនរួចរាល់ហើយ” ។
ដោយអំពាវនាវឱ្យមានប្រព័ន្ធការពារមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក បន្ថែមទៀត ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា ការខ្វះការការពារ ពីថាមពលអាកាសរបស់រុស្ស៊ី នឹងមានន័យថា “ទាហានមួយចំនួនធំនឹងត្រូវស្លាប់” ។
លោកបានបន្ថែមថា លោកចង់បានអាវុធបន្ថែមទៀត ពីលោកខាងលិច ប៉ុន្តែយើងមិនអាចរង់ចាំ រាប់ខែទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
