ព័ត៌មានអន្តរជាតិ

ផ្ទុះរបួសមនុស្ស៦នាក់ នៅកណ្តាលរដ្ឋធានីក្រុងយ៉ាំងហ្គោន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៦នាក់បានទទួលរងរបួសក្នុងហេតុការណ៍ ផ្ទុះកណ្តាលរដ្ឋធានីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ហេតុការណ៍ផ្ទុះដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅត្រង់ចំណុច អគារការិយាល័យពន្ធដាជាន់ទី៣ នៃអគ្គនាយកដ្ឋានពន្ធដា។

ប្រភពដដែលបានបញ្ជាក់ដែរថា បុរសម្នាក់ដែលបានធ្វើដំណើរមកជាន់ទី៣ ជាមួយនឹងកញ្ចប់ជាតិផ្ទុះមួយដែលគាត់បានដាក់ចោលនៅត្រង់ ចំណុចសាធារណៈមួយ ជាកន្លែងអង្គុយរងចាំមុនពេលដែលគាត់ធ្វើដំណើរ ចុះទៅវិញភ្លាមហើយគ្រឿងផ្ទុះនោះក៏បានផ្ទុះឡើងភ្លាមតែម្តង។

យោងតាមការបញ្ជាក់ដោយមន្ត្រីប៉ូលីសក្នុងទីក្រុងយ៉ាំងហ្គោន បានឲ្យដឹងដែរថា ក្នុងពេលដែលកំពុងកើតហេតុមនុស្សស្រី៦នាក់ ដែលបានឈរនៅក្បែរនោះបានទទួលរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។

រហូតមកដល់ពេលនេះក្រុមការងារស៊ើបអង្កេត កំពុងត្រូវបានតាមដាននិងស្វែងរកចាប់ខ្លួននៅឡើយ ដោយមិនទាន់អាចកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top