ព័ត៌មានអន្តរជាតិ

មេដឹកនាំគណបក្សឈ្នះឆ្នោតនៅថៃ លក់ភាគហ៊ុនក្នុងក្រុមហ៊ុន iTV ដើម្បីរួចពីការចោទប្រកាន់

បរទេស ៖ មេដឹកនាំគណបក្ស មូវ ហ្វ វ៉ើដ (MFP) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ដោយសារភាគហ៊ុនត្រូវបានលក់ ក្រោយពេលដែលលោកបានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា ដូច្នេះ លោកពីតា ប្រហែលជានៅតែត្រូវបានដកហូតសិទ្ធិ ដោយសារការបំពានច្បាប់បោះឆ្នោត។

លោក រួងក្រៃ ឡេគីត វឌ្ឍតាណា (Ruangkrai Leekitwattana) សកម្មជននយោបាយ គឺបានដាក់ញត្តិទៅគណៈកម្មការរៀបចំការបោះឆ្នោត (EC) ឱ្យស៊ើបអង្កេតលោក ពីតា ជុំវិញភាគហ៊ុនដែលលោកកាន់កាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយ iTV កាលពីថ្ងៃទី ១០ ឧសភា។

កាលពីថ្ងៃច័ន្ទ លោកបាននិយាយថា លោកនឹងស្នើឱ្យ EC បញ្ជាក់ថាតើលោក ពីតា ពិតជាបានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនមែនឬអត់។

លោក​បាន​បន្ត​ថា​ «​ទោះបី​លោកបាន​លក់​ភាគហ៊ុន​ហើយ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​ចំពោះ ​ករណី​ដែល​លោកកាន់​ភាគហ៊ុន​មុន​គាត់​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ក្នុង​ឆ្នាំ ២០១៩ និង​ការ​បោះឆ្នោត​ឆ្នាំ​នេះ​»​។

លោក រួងក្រៃ បានបន្ថែម​ដោយ​លើក​ឡើង​ពី​មាត្រា ៩៨ នៃ​រដ្ឋធម្មនុញ្ញថា “ប្រសិនបើគាត់លក់ភាគហ៊ុនបន្ទាប់ពីគណបក្ស មូវ ហ្វ វ៉ើដ បានតែងតាំងគាត់ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស នោះការបំពានត្រូវបានប្រព្រឹត្តរួចហើយ” ។

មេដឹកនាំគណបក្ស មូវ ហ្វ វ៉ើដ ស្ថិតនៅក្រោមការត្រួតពិនិត្យលើភាគហ៊ុនចំនួន ៤២ ០០០ ដែលលោកបានកាន់កាប់នៅក្នុង iTV ដែលជាអ្នកផ្សាយឯករាជ្យដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

នៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន បេក្ខជនត្រូវហាមឃាត់មិនឱ្យឈរឈ្មោះក្នុងតំណែង ប្រសិនបើគាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

លោក ពីតា បាន​និយាយ​ថា​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ ដោយ​ហេតុផល​នយោបាយ។

ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភច្បាប់បោះឆ្នោត លោក ពីតា នឹងត្រូវដកសិទ្ធិជាសមាជិកសភា ដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឈ្នះឆ្នោតមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។

ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​អចលន​ទ្រព្យ​ឪពុក​របស់​លោក លោក ពីតា បាន​និយាយ​ថា លោក​បាន​ព្យាយាម​លក់​ភាគហ៊ុន​នេះ ប៉ុន្តែ​មិន​អាច​រក​អ្នក​ទិញ​បាន។

លោក​ធ្លាប់​បាន​និយាយ​ថា លោក​បាន​ពន្យល់​បញ្ហា​នេះ​ទៅ EC ផងដែរមុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៩៕ ប្រែសម្រួលៈ ណៃ តុលា

To Top