ព័ត៌មានអន្តរជាតិ

លោកពីតា មានទំនុកចិត្តថា គ្មានអ្វីមករារាំងលោក មិនឲ្យធ្វើជាសមាជិកសភា ឬក្លាយជានាយករដ្ឋមន្ត្រី នៅប្រមុខរដ្ឋាភិបាលចម្រុះថ្មីឡើយ

បរទេស៖ លោក ពីតា លឹមចារឿនរ៉ាត់ មេដឹកនាំគណបក្ស Move Forward Party (MFP) ដែលឈ្នះការបោះឆ្នោត បាននិយាយនៅថ្ងៃអង្គារថា ភាគហ៊ុននៅ iTV របស់លោកត្រូវបានផ្ទេរទៅ ឈ្មោះសាច់ញាតិដើម្បីធានាថា លោកអាចក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់របស់ថៃបាន ក្នុងពេលមានការប៉ុនប៉ងរារាំង លោកមិនឱ្យចូលក្នុងរដ្ឋាភិបាល។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកមានទំនុកចិត្តថា គ្មានអ្វីមករារាំងលោកមិនឲ្យធ្វើជាសមាជិកសភា ឬក្លាយជានាយករដ្ឋមន្ត្រី នៅប្រមុខរដ្ឋាភិបាលចម្រុះថ្មីឡើយ។

លោក ពីតា បានសរសេរនៅលើ Facebook នៅព្រឹកថ្ងៃអង្គារនេះថា ការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ចប់កិច្ចសន្យាជាមួយ iTV កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០០៧ ហើយ iTV មិនមែនជាស្ថាប័នសារព័ត៌មាន តាំងពីពេលនោះមក។

សូមជម្រាបថា នៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសថៃ គឺ បេក្ខជនត្រូវហាមឃាត់មិនឱ្យ ឈរឈ្មោះក្នុងតំណែង ប្រសិនបើគាត់កាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទ រំលោភច្បាប់បោះឆ្នោត លោក ពីតា នឹងត្រូវដកសិទ្ធិជាសមាជិកសភា ដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សឈ្នះឆ្នោតមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top