ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ រៀបចំប្រព័ន្ធការពារដ៏សកម្ម ក្រោយពីមានវត្តមាន យន្តហោះយោធាចិន ជាច្រើនគ្រឿងហោះចូលដែនអាកាសរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានរៀបចំប្រព័ន្ធការពាររបស់ខ្លួនយ៉ាងសកម្ម ក្រោយពីមានការរាយការណ៍មកថា យន្តហោះយោធាចិនចំនួន ៣៧គ្រឿងបានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយមួយចំនួនបានហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនេះគឺជាការឈ្លានពានដ៏ធំបំផុតរបស់ក្រុងប៉េកាំង ។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ហើយបានធ្វើការហោះហើរជាទៀងទាត់នូវកម្លាំងទ័ពអាកាសរបស់ខ្លួនលើផ្ទៃមេឃនៅក្បែរកោះមួយនេះ បើទោះបីជាមិនចូលទៅក្នុងលំហអាកាសរបស់កោះតៃវ៉ាន់ក៏ដោយ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ចាប់ពីម៉ោង៥ព្រឹក ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣៧គ្រឿង រួមទាំងយន្តហោះចម្បាំងប្រភេទ J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែ ដែលកំពុងហោះហើរចូលទៅក្នុងតំបន់ស្ថិតនៅភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬហៅកាត់ថា ADIZ ។

គួរបញ្ជាក់ថា តំបន់ ADIZ គឺជាតំបន់ធំទូលំទូលាយ ដែលកោះតៃវ៉ាន់ត្រួតពិនិត្យ និងល្បាត ដើម្បីផ្តល់ពេលវេលាបន្ថែមដល់កងកម្លាំងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្រៅ ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ប្រទេសចិន មួយចំនួនទៀតបានហោះហើរឆ្ពោះទៅកាន់តំបន់ភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ហើយបានឆ្លងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីអនុវត្ត “ការឃ្លាំមើលពីដែនអាកាស និងការហ្វឹកហ្វឺនក្នុងរយៈចម្ងាយឆ្ងាយ” ផងដែរ ៕

To Top